ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក​ ដាក់ពន្ធគយបន្ថែម ៥០%​ លើទំនិញមួយចំនួន របស់កាណាដា

ញូវយ៉ក៖​ ប្រធានាធិបតីអាមេរិកលក​ ដូណាល់ ត្រាំ​ បានចុះហត្ថលេខាលើសេចក្តីប្រកាសចំនួនបី ដើម្បីដាក់ពន្ធបន្ថែម​ ៥០%លើទំនិញកាណាដាមួយចំនួន ដោយថា កាណាដាកំពុងរើសអើងពាណិជ្ជកម្មអាមេរិក។

យោងតាមឯកសារដែលបានបង្ហោះនៅលើគេហទំព័ររបស់សេតវិមាន ពន្ធបន្ថែម ៥០%លើផលិតផលទឹកដោះគោ ភេសជ្ជៈមានជាតិអាល់កុល យានយន្ត និងទំនិញពាក់ព័ន្ធមួយចំនួន បានចូលជាធរមាននៅថ្ងៃទី 19 ខែសីហា។ ផលិតផលថាមពល ប៉ូតាស្យូម ត្រី និងសារធាតុរ៉ែសំខាន់ៗ នឹងត្រូវបានលើកលែងពីពន្ធ។

នៅក្នុងសេចក្តីប្រកាសមួយទាក់ទងនឹងយានយន្ត និងផលិតផលពាក់ព័ន្ធ លោក ត្រាំ​ បានឧ្យដឹងថា ប្រទេសកាណាដាបានរក្សាពន្ធគយ ២៥ភាគរយលើការនាំចូលយានយន្តរបស់សហរដ្ឋអាមេរិក ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការអនុគ្រោះពន្ធ និងមិនជាប់ពន្ធ ក្រោមកិច្ចព្រមព្រៀងសហរដ្ឋអាមេរិក-ម៉ិកស៊ិក-កាណាដា (USMCA) ចាប់តាំងពីថ្ងៃទី០៩​ ខែមេសា ឆ្នាំ២០២៥។

ប្រទេសកាណាដាក៏រក្សាកូតាអត្រាពន្ធគយលើយានយន្តរបស់សហរដ្ឋអាមេរិក ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់​ សម្រាប់ការអនុគ្រោះពន្ធ និងមិនជាប់ពន្ធ ក្រោមកិច្ចព្រមព្រៀង USMCA។

បន្ទាប់ពីការអនុវត្តវិធានការពន្ធគយ ការនាំចូលយានយន្តរបស់សហរដ្ឋអាមេរិករបស់ប្រទេសកាណាដាបានធ្លាក់ចុះប្រហែល ២២ភាគរយ ពីប្រហែល ២៥.៩ ពាន់លានដុល្លារអាមេរិក ចន្លោះខែមេសា ឆ្នាំ២០២៤​ និងខែមីនា ឆ្នាំ២០២៥​ មកនៅប្រហែល ២០.៣ពាន់លានដុល្លារក្នុងអំឡុងពេលដូចគ្នានៃឆ្នាំ២០២៥-២០២៦​ នេះបើយោងតាមសេចក្តីប្រកាស។

លោក ត្រាំ បានឧ្យដឹងថា “ប្រទេសកាណាដា អនុវត្តគម្រោងពន្ធគយ​ ចំពោះតែយានយន្ត ដែលមានប្រភពដើម នៅសហរដ្ឋអាមេរិកប៉ុណ្ណោះ” ដោយអះអាងថា គោលនយោបាយពន្ធគយរបស់ប្រទេសកាណាដា រើសអើងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក និងធ្វើឱ្យអាជីវកម្មអាមេរិកមានគុណវិបត្តិ បើប្រៀបធៀបទៅនឹងអាជីវកម្មរបស់ប្រទេសដទៃទៀត៕

ប្រែសម្រួល​ ឈូក​ បូរ៉ា

Most Popular

To Top