Event

ក្រុមហ៊ុន ជីប ម៉ុង បោះទុនវិនិយោគ ២៥០លានដុល្លារ សាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ធំបំផុតមួយនៅកម្ពុជា

ភ្នំពេញ៖ ក្រុមហ៊ុន ជីប ម៉ុង បានបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការប្រកាសបោះទុនវិនិយោគប្រមាណ ២៥០លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រផលិតអាហារ និងភេសជ្ជៈដ៏ទំនើបមួយ ដែលមានឈ្មោះថា «Chip Mong Food & Beverage» ក្នុងគោលដៅជំរុញវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែរឹងមាំ និងមានស្តង់ដារប្រកួតប្រជែងកម្រិតអន្តរជាតិ។

ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃការបើកការដ្ឋាននេះបានធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់រោងចក្រ ដែលបានរៀបចំឡើងនៅលើផ្ទៃដីទំហំ ១៥ហិកតា ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ព្រមទាំងមានការអញ្ជើញចូលរួមពីស្ថាបនិក និងសហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង រួមមាន លោកអ្នកឧកញ៉ា ភាព ហៀក, លោកអ្នកឧកញ៉ា លាង ឃុន, និងអ្នកឧកញ៉ា លាង ម៉េង ព្រមទាំងដៃគូអាជីវកម្ម និងភ្ញៀវកិត្តិយសជាច្រើនរូប។

ការវិនិយោគថ្មីនេះ គឺជាការប្រកាសពីដំណាក់កាលថ្មីមួយទៀត នៃការវិវឌ្ឍពីក្រុមហ៊ុន «ខ្មែរ ប៊ែវើរីជីស (Khmer Beverage)» ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញជាង ១៦ឆ្នាំ ទៅជា «Chip Mong Food & Beverage» ជាមួយនឹងបេសកកម្មធំជាងមុន។ រោងចក្រថ្មីនេះនឹងសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់ពិភពលោក មកពីប្រទេសអាល្លឺម៉ង់ និងបារាំង ដើម្បីផលិតផលិតផលចម្រុះរួមមាន ទឹកដោះគោ មី តែ និង កាហ្វេ។

ក្នុងនោះដែរថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន ជីប ម៉ុង បានគូសបញ្ជាក់ពីចក្ខុវិស័យយុទ្ធសាស្ត្រ និងផលប្រយោជន៍ដែលកម្ពុជានឹងទទួលបានពីរោងចក្រនេះមានចំនួន៣គឺ ការកសាងមរតកសេដ្ឋកិច្ចរយៈពេលវែង ការប្រកួតប្រជែងដោយគុណភាព និងការអភិវឌ្ឍធនធានមនុស្ស ។

តាមរយៈការបោះទុនដ៏ធំសម្បើមនេះ Chip Mong Food & Beverage ត្រូវបានរំពឹងថានឹងបង្កើតតម្លៃបន្ថែមជាច្រើនសម្រាប់ប្រជាជនកម្ពុជា បង្កើនទំនុកចិត្តអ្នកវិនិយោគ និងរួមចំណែកលើកកម្ពស់កិត្យានុភាពផលិតផលកម្ពុជា (Made in Cambodia) ឱ្យឈានទៅកាន់ទីផ្សារអន្តរជាតិប្រកបដោយចីរភាព៕

Most Popular

To Top