កីឡា

លោក ប៉ុន សុខ ដឹកនាំកិច្ចប្រជុំវាយតម្លៃ លើអត្តពលិកកីឡា កាយវប្បកម្ម ដណ្តើមមេដាយ នៃការប្រកួតជើងឯក ពិភពលោក

ភ្នំពេញ៖នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំ វាយតម្លៃលើលក្ខណៈបច្ចេកទេស គ្រូបង្វឹក និងគ្រូជំនួយ និងកីឡាករ-កីឡាការិនី ដែលទទួលមេដាយ ក្នុងព្រឹត្តិការណ៍ ប្រកួតជើងឯកកីឡាកាយវប្បកម្មពិភពលោក ឆ្នាំ២០២៥ លើកទី១៦ (The 16 WORLD BODYBUILDING AND PHYSIQUE SPORTS CHAMPIONS HIPS) នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី និងក្នុងការប្រកួតជ្រើសរើសជើងឯក កីឡាសូហ្វតេន្និសពិភពលោកលើកទី១៦ ឆ្នាំ២០២៥ នៅសាលប្រជុំអគ្គនាយកដ្ឋានកីឡា។

ក្នុងកិច្ចប្រជុំវាយតម្លៃ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ លោក វ៉ា វណ្ណៈ អគ្គនាយករង លោក ប៉ែន វុទ្ធី ប្រធាននាយកដ្ឋានកីឡាជំនាញ និង កីឡាមហាជន លោកប្រធានការិយាល័យ អនុប្រធានការិយាល័យ នៃនាយកដ្ឋានកីឡាជំនាញ និងកីឡាមហាជន លោក តឹក ប៊ុនវី ប្រធានសហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា លោកស្រី អេមី សារីរ៉ុម គ្រូបង្វឹក កីឡាករ ស៊្រិន រាជ្យ និងអ្នកតំណាងសហព័ន្ធកីឡាសូហ្វតេន្និសកម្ពុជា។

កីឡាករកាយវប្បកម្ម ស្រ៊ិន រាជ្យ ដណ្តើមបាន មេដាយសំរឹទ្ធ ១ គ្រឿងព្រឹត្តិការណ៍ប្រកួតជើងឯក កីឡាកាយវប្បកម្មពិភពលោក លើកទី១៦ ឆ្នាំ២០២៥ នៅកោះបាតាំ សាធារណរដ្ឋឥណ្ឌូណេស៊ី ។ សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជាបានបញ្ជូនប្រតិភូ គ្រូបង្វឹក កីឡាករ សរុប ៤ នាក់ចូលរួម លោក តឹក ប៊ុនវី ប្រធានដឹកនាំ និងជាចៅក្រមអន្តរជាតិ លោកស្រី អេមី សារីរ៉ុម គ្រូបង្វឹក កីឡាករ ស៊្រិន រាជ្យ និងកីឡាករ តាំង សំបូរ ក្រោមការអនុញ្ញាតជាគោលការណ៍របស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា៕

Most Popular

To Top