ព័ត៌មានអន្តរជាតិ

នាយក CIA របស់អាមេរិក ធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបជាមួយមន្ត្រីរុស្ស៊ី

បរទេស៖ លោក John Ratcliffe នាយក CIA សហរដ្ឋអាមេរិក បានធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅថ្ងៃអង្គារ ដើម្បីជួបជាមួយមន្ត្រីរុស្ស៊ី នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដោយដកស្រង់ប្រភពដែលមិនបញ្ចេញឈ្មោះ។

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦ថា ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងដែលគេដឹងទៅកាន់រដ្ឋធានីរុស្ស៊ី ដោយប្រធានចារកម្មអាមេរិក ចាប់តាំងពីអ្នកកាន់តំណែងមុនរបស់លោក Ratcliffe គឺលោក William Burns បានជួបពិភាក្សាជាមួយលោក Vladimir Putin ក្នុងខែវិច្ឆិកា ឆ្នាំ២០២១។ ប្រហែលបីខែបន្ទាប់ពីកិច្ចប្រជុំនោះ ប្រធានាធិបតីរុស្ស៊ីបានចាប់ផ្តើមការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន។

សារព័ត៌មាន CBS News និង Axios បានរាយការណ៍ពីដំណើរទស្សនកិច្ចរបស់លោក Ratcliffe ប្រធាន CIA របស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានបម្រើការជានាយកចារកម្មជាតិក្នុងអាណត្តិដំបូងរបស់លោក Trump។ សារព័ត៌មានទាំងនោះមិនបានផ្សាយថា លោកនឹងជួបជាមួយអ្នកណា ឬអ្វីដែលកិច្ចពិភាក្សាត្រូវបានគេរំពឹងថានឹងគ្របដណ្តប់នោះទេ។

CIA បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov មិនបានបញ្ជាក់ ឬបដិសេធរបាយការណ៍នោះទេ ដោយប្រាប់ Reuters ថា លោកប្រធានាធិបតី Vladimir Putin មិនមានគម្រោងជួបជាមួយលោក Ratcliffe ទេ។

សហរដ្ឋអាមេរិកកាលពីសប្តាហ៍មុនបានស្នើសុំឱ្យអ៊ុយក្រែនមិនឱ្យបើកការវាយប្រហារតាមអាកាសនៅជុំវិញទីក្រុងមូស្គូ ទីក្រុងសាំងពេទឺប៊ឺគ និងទឹកដីភាគខាងជើងមួយចំនួនរបស់រុស្ស៊ី នៅថ្ងៃចន្ទ ថ្ងៃអង្គារ និងថ្ងៃពុធ នៃសប្តាហ៍នេះ ពីព្រោះយន្តហោះដែលដឹកមន្ត្រីជាន់ខ្ពស់ អាមេរិកម្នាក់នឹងហោះហើរទៅកាន់រដ្ឋធានីរបស់រុស្ស៊ី , នេះបើយោងតាមប្រភពមួយដែលដឹងអំពីបញ្ហានេះ។
ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top