សិល្បៈ និង កម្សាន្ត

ការលាតត្រដាងអំពី Elon Musk ក្នុងភាពយន្តឯកសារ របស់លោក Alex Gibney «ជារឿងមិនគួរឱ្យជឿ ដែលបុគ្គលប្រកបដោយភាព ចម្រូងចម្រាសបែបនេះ ក្តោបក្តាប់អំណាចយ៉ាងមហាសាល»

ហូលីវូដ៖ ខ្សែភាពយន្តឯកសារថ្មីដែលមានចំណងជើងថា “Musk” ក្រោមការដឹកនាំរបស់ផលិតករម្ចាស់រង្វាន់ Oscar លោក Alex Gibney កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងឧស្សាហកម្មកម្សាន្ត និងពិភពបច្ចេកវិទ្យា បន្ទាប់ពីទស្សនាវដ្តី The Hollywood Reporter បានចេញផ្សាយអត្ថបទវិភាគស៊ីជម្រៅមួយដោយអ្នកសារព័ត៌មាន Steven Zeitchik។ ភាពយន្តដែលមានរយៈពេលជិត ៤ ម៉ោងនេះ បានធ្វើការរះគន់ និងលាតត្រដាងពីការកើនឡើងនៃអំណាចដ៏មហាសាលរបស់មហាសេដ្ឋីលេខ ១ លើពិភពលោក Elon Musk។

លោក Alex Gibney (ដែលធ្លាប់ជោគជ័យតាមរយៈភាពយន្តឯកសារ Going Clear និង Enron) បានពិពណ៌នាថា Musk គឺជា «អ្នកជំនួញភូតភរ» ដែលប្រើប្រាស់ការសន្យាមិនពិតអំពីបច្ចេកវិទ្យាអនាគត​ ដូចជាបញ្ញាសិប្បនិម្មិត (AI) ប្រព័ន្ធបើកបរស្វ័យប្រវត្តិ និងបេសកកម្មទៅកាន់ភពអង្គារ ដើម្បីទាក់ទាញចិត្តអ្នកវិនិយោគ និងជំរុញតម្លៃភាគហ៊ុនក្រុមហ៊ុនរបស់ខ្លួន។

អត្ថបទដដែលបានគូសបញ្ជាក់ពីការព្រួយបារម្ភចំពោះការក្តោបក្តាប់ទិន្នន័យដ៏ធំមហិមា (Big Data) ដោយ Musk តាមរយៈបណ្តាញក្រុមហ៊ុនយក្ស រួមមាន Tesla, SpaceX, Starlink, xAI និងបណ្តាញសង្គម X (Twitter)។ ផលិតកររូបនេះបានព្រមានថា ការរួមផ្សំគ្នារវាងអំណាចបច្ចេកវិទ្យា ធនធានហិរញ្ញវត្ថុ និងឥទ្ធិពលនយោបាយផ្ទាល់ខ្លួន កំពុងប្រែក្លាយ Musk ឱ្យទៅជាបុគ្គលដ៏មានឥទ្ធិពល ប៉ុន្តែបង្កហានិភ័យខ្ពស់ដល់ប្រព័ន្ធប្រជាធិបតេយ្យ។

បន្ថែមពីនេះ ភាពយន្តឯកសារបានរំលេចពីដំណើរជីវិតរបស់ Musk ចាប់តាំងពីកុមារភាព រហូតដល់ការឈានជើងចូលរួមយ៉ាងជ្រៅក្នុងឆាកនយោបាយសហរដ្ឋអាមេរិក តាមរយៈការគាំទ្រលោក Donald Trump និងការបង្កើតស្ថាប័ន DOGE (Department of Government Efficiency)។ ក្នុងនោះក៏មានការទម្លាយពីការកែប្រែប្រព័ន្ធ Algorithm លើបណ្តាញ X ដើម្បីផ្តល់អាទិភាពដល់ខ្លឹមសារដែលបង្កឱ្យមានទំនាស់ និងកំហឹងក្នុងសង្គម។

ភាពយន្តនេះបានប្រមូលផ្តុំបទសម្ភាសន៍សំខាន់ៗជាច្រើន រួមមាន Errol Musk (ឪពុក), Justine Musk (ភរិយាដើម), Martin Eberhard (ស្ថាបនិកដើមនៃ Tesla) និងអ្នកសារព័ត៌មានបច្ចេកវិទ្យា Kara Swisher ព្រមទាំង Ashley St. Clair ដែលបានទម្លាយព័ត៌មានអំពីកិច្ចព្រមព្រៀងរក្សាការស្ងៀមស្ងាត់ (NDA) តម្លៃ ៤០ លានដុល្លារ។

ភាពយន្តឯកសារ “Musk” ត្រូវ បាន ដាក់ បញ្ចាំង ជា ផ្លូវការ ក្នុង កម្មវិធី ពិធីបុណ្យ ភាពយន្ត អន្តរជាតិ ក្រុង Venice និង គ្រោង នឹង ដាក់ បញ្ចាំង តាម រោង ភាពយន្ត នៅ ខែតុលាខាងមុខនេះ។

ប្រែសម្រួល​​​​៖ គីរី

Most Popular

To Top