បរទេស៖ ឧស្សាហកម្មភាពយន្តពិភពលោក បានបង្កើតស្នាដៃជាច្រើន ដែលទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅ Box Office ដោយមានភាពយន្តមួយចំនួនអាចរកចំណូលបានជាង ២ ពាន់លានដុល្លារពីការ ចាក់បញ្ចាំងទូទាំងពិភពលោក។ ក្នុងចំណោមភាពយន្តទាំងនេះ ស្នាដៃរបស់អ្នកដឹកនាំល្បីៗ ដូចជា James Cameron និងភាពយន្តក្នុងសកលលោក Marvel នៅតែមានឥទ្ធិពលខ្លាំងនៅលើទីផ្សារ ភាពយន្តអន្តរជាតិ។

តាមទិន្នន័យដែលបានចុះផ្សាយដោយ Deadline ភាពយន្តដែលស្ថិតក្នុងចំណោមក្រុមរកចំណូលខ្ពស់បំផុត រួមមាន Avatar (2009) ដែលឈរកំពូលជាមួយចំណូលប្រហែល ២,៩២ ពាន់លានដុល្លារ។ បន្ទាប់មកគឺ Avengers: Endgame (2019) រកចំណូលប្រមាណ ២,៨០ ពាន់លានដុល្លារ ខណៈ Spider-Man: Brand New Day (2026) មានចំណូលជាង ២,៣ ពាន់លានដុល្លារ។
បន្ទាប់ពីនោះមាន Avatar: The Way of Water (2022) ប្រមាណ ២,៣៣ ពាន់លានដុល្លារ, Ne Zha 2 (2025) ប្រមាណ ២,២៧ ពាន់លានដុល្លារ, Titanic (1997) ប្រមាណ ២,២៦ ពាន់លានដុល្លារ, Star Wars: The Force Awakens (2015) ប្រមាណ ២,០៧ ពាន់លានដុល្លារ និង Avengers: Infinity War (2018) ប្រមាណ ២,០៥ ពាន់លានដុល្លារ។

ក្នុងចំណោមភាពយន្តទាំងនេះ Avatar របស់ James Cameron នៅតែជាស្នាដៃដ៏លេចធ្លោបំផុត ដោយរកចំណូលសរុបជិត ៣ ពាន់លានដុល្លារ។ ភាពយន្តនេះក៏ធ្លាប់ឡើងមកកាន់តំណែងកំពូលឡើងវិញ បន្ទាប់ពីមានការចាក់បញ្ចាំងឡើងវិញនៅប្រទេសចិន។
ជាមួយគ្នានេះ James Cameron ក៏ជាអ្នកដឹកនាំមួយរូបដែលមានស្នាដៃច្រើនជាប់ក្នុងចំណោមភាពយន្តរកចំណូលខ្ពស់បំផុត ដោយរួមមាន Avatar, Avatar: The Way of Water និង Titanic។
ចំណែកឯ Avengers: Endgame បានបង្កើតកំណត់ត្រាជាច្រើននៅពេលចេញផ្សាយក្នុងឆ្នាំ ២០១៩ និងធ្លាប់កាន់កាប់តំណែងជាភាពយន្តរកចំណូលខ្ពស់បំផុតក្នុងពិភពលោក មុនពេល Avatar ត្រឡប់មកកាន់កំពូលវិញ។ រីឯ Avengers: Infinity War ក៏បានឆ្លងកាត់កម្រិតចំណូល ២ ពាន់លានដុល្លារ ដែលបង្ហាញពីឥទ្ធិពលរបស់ Marvel និងភាពយន្ត Franchise ធំៗលើទីផ្សារអន្តរជាតិ។
អ្វីដែលគួរឱ្យកត់សម្គាល់មួយទៀត គឺការឡើងមកកាន់តំបន់កំពូលរបស់ Ne Zha 2 ដែលជាភាពយន្តគំនូរជីវចលរបស់ចិន។ ការរកចំណូលបានជាង ២,២ ពាន់លានដុល្លារ បានបង្ហាញថា ភាពយន្តដែលផលិតក្រៅប្រព័ន្ធហូលីវូដ ក៏អាចទទួលបានជោគជ័យយ៉ាងធំធេងនៅលើទីផ្សារពិភពលោកផងដែរ។
ជារួម តារាងភាពយន្តរកចំណូលខ្ពស់បំផុតបង្ហាញថា ភាពល្បីល្បាញរបស់ Franchise គុណភាពនៃស្នាដៃ ឈ្មោះអ្នកដឹកនាំ ការចាក់បញ្ចាំងឡើងវិញ និងទីផ្សារអន្តរជាតិ គឺជាកត្តាសំខាន់ៗដែលអាចជំរុញ ភាពយន្តឱ្យឈានដល់កម្រិត ចំណូលរាប់ពាន់លានដុល្លារ។ ជាពិសេស ស្នាដៃរបស់ James Cameron នៅតែមានឥទ្ធិពលខ្លាំង ខណៈ Marvel, Disney និងឧស្សាហកម្មភាពយន្តចិន កំពុងបន្តបង្ហាញពីសមត្ថភាពប្រកួតប្រជែងនៅលើឆាកភាពយន្តពិភពលោក។
ប្រែសម្រួល៖ គីរី
