សិល្បៈ និង កម្សាន្ត

តារាចម្រៀង នាង IU ចេញបទចម្រៀងថ្មី “Unknown Planet” ជាការចេញផ្សាយដំបូងក្នុងរយៈពេលមួយឆ្នាំគត់របស់នាង

កូរ៉េខាងត្បូង៖នេះយោងតាមការចេញផ្សាយពីគេហទំព័រ koreajoongangdaily បានប្រាប់ឲ្យដឹងថា តារាចម្រៀង និងជាតារាសម្តែងកូរ៉េខាងត្បូង នាង IU ត្រៀមនឹងចេញផ្សាយបទចម្រៀងឌីជីថលថ្មីមួយនៅថ្ងៃព្រហស្បតិ៍ នេះគឺជាការចេញផ្សាយស្នាដៃតន្ត្រីថ្មីរបស់នាងក្នុងរយៈពេលមួយឆ្នាំគត់។

យោងតាមភ្នាក់ងាររបស់នាងគឺ Edam Entertainment និយាយថា បទ “Unknown Planet” នឹងត្រូវចេញផ្សាយនៅម៉ោង ៦ ល្ងាច នៅលើបណ្តាញផ្សព្វផ្សាយតន្ត្រីធំៗទាំងអស់។ បទចម្រៀងនេះចេញផ្សាយមួយឆ្នាំបន្ទាប់ពីបទ “Bye, Summer” ជាបទចម្រៀងឌីជីថលដ៏គួរឲ្យភ្ញាក់ផ្អើលមួយរបស់នាងបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែកញ្ញា ឆ្នាំមុន។

គម្រោងថ្មីនេះមានបទចម្រៀងសំខាន់ចំនួន ២ គឺ “Unknown Planet” និង “Dear My Crazy Soulmate” ដែលបទទាំង២នេះត្រូវបាននិពន្ធដោយនាង IU ផ្ទាល់។ បទចម្រៀងទាំងនេះក៏ត្រូវបានគ្រោងនឹងដាក់បញ្ចូលក្នុងអាល់ប៊ុមស្ទូឌីយោទី ៦ របស់នាងនឹងចេញផ្សាយនាពេលខាងមុខ ដែលអាល់ប៊ុមនេះធ្លាប់ត្រូវបានពន្យារពេលពីមុនមកដោយសារបញ្ហាសុខភាព។

វីដេអូចម្រៀងសម្រាប់បទ “Dear My Crazy Soulmate” នឹងត្រូវចេញផ្សាយព្រមគ្នាជាមួយបទចម្រៀងនេះ ដោយនាង IU នឹងបង្ហាញខ្លួនក្នុងតួនាទីជាមន្ត្រីប៉ូលិស។ បន្ទាប់មកទៀត វីដេអូសម្រាប់បទ “Unknown Planet” គ្រោងនឹងចេញផ្សាយនៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ៕

Most Popular

To Top