កូរ៉េខាងត្បូង ៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា កាលពីដើមឆ្នាំនេះ ក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង BLACKPINK បានប្រារព្ធខួបគម្រប់ ១០ ឆ្នាំរបស់ពួកគេ ព្រមទាំងបានបញ្ចប់ដំណើរប្រគុំតន្ត្រីទេសចរណ៍ ពិភពលោកដែលមានឈ្មោះថា “DEADLINE” ផងដែរ។
ចាប់តាំងពីពេលនោះមក សមាជិកក្រុមបានត្រឡប់មកធ្វើសកម្មភាពទោលរៀងៗខ្លួនវិញ រួមទាំងនាង Lisa ដែលថ្មីៗនេះបានចេញផ្សាយបទចម្រៀង “SaWaDiKa”។ ក្រៅពីនេះ Lisa ក៏បានចាប់ផ្តើមបង្ហើបអំពីគម្រោងធំ បន្ទាប់របស់នាង នោះគឺខ្សែភាពយន្តរបស់នាងផ្ទាល់។
ខ្សែភាពយន្តដែលមានចំណងជើងថា “Always Lalisa” នឹងត្រូវចេញផ្សាយនៅចុងឆ្នាំនេះ ដោយបង្ហាញពីជ្រុងមួយនៃជីវិតរបស់នាង Lisa ដែលមិនធ្លាប់មានអ្នកណាបានឃើញពីមុនមក។ នៅថ្ងៃទី ៩ ខែកញ្ញា វីដេអូខ្លីៗនៃខ្សែភាពយន្តនេះត្រូវបានចែករម្លែកនៅលើអ៊ីនធើណេត ដោយបង្ហាញពីគោលបំណងនៃខ្សែភាពយន្ត និងដំណើរជីវិតរបស់នាង Lisa ក្នុងរយៈពេលមួយឆ្នាំ។
ផ្នែកដំបូងនៃវីដេអូបាននិយាយអំពីសមាជិកផ្សេងទៀតរបស់ក្រុម BLACKPINK ដោយនាង Lisa បានហៅសមាជិកទាំង ៣ នាក់នោះថាជា “មិត្តរួមព្រលឹង”របស់នាង ។ បន្ទាប់មក នាងបានលើកឡើងថា ពួកគេទាំងអស់គ្នាបានសន្យាថា នឹងផ្អាកសកម្មភាពក្រុមរយៈពេលមួយឆ្នាំ ជាពេលវេលាដែលខ្សែភាពយន្តនេះផ្តោតលើ។
ជាញឹកញាប់ មានការត្អូញត្អែរ និងការជជែកវែកញែកក្នុងចំណោមអ្នកគាំទ្រអំពីការខ្វះសកម្មភាពរួមគ្នារបស់ក្រុម BLACKPINK ដោយអ្នកខ្លះលើកឡើងថា នាង Lisa ត្រូវបានគេរិះគន់ខ្លាំងជាងគេដោយអយុត្តិធម៌។ ជាមួយនឹងការបញ្ជាក់របស់នាង Lisa នេះ អ្នកខ្លះមានអារម្មណ៍ខឹងសម្បារដែលនាង Lisa ត្រូវទទួលរងការរិះគន់ធ្ងន់ធ្ងរជាងគេ ខណៈពាក្យចចាមអារ៉ាមអំពីការរំសាយក្រុមនាពេលថ្មីៗនេះ កាន់តែធ្វើឲ្យបញ្ហានេះកាន់តែតានតឹងឡើង ៕
