កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា រូបសម្រស់ដ៏ស្រស់ស្អាតរបស់តារចម្រៀងនាង Jihyo សមាជិកក្រុម TWICE មើលទៅស្ទើរតែមិនស្គាល់ក្នុងព្រឹត្តិការណ៍មួយ បានបង្កឲ្យមានរិះគន់យ៉ាងខ្លាំង ចំពេលដែលមានការលើកឡើងពីការវះកាត់កែសម្ផស្សរបស់នាង។
រូបភាពថ្មីៗនេះ អ្នកលេងអ៊ីនធើណេតបានអះអាងថា ច្រមុះរបស់នាង Jihyo លែងមានស្នាមប៉ោងតូចមួយដែលធ្លាប់ជាចំណុចសម្គាល់ពិសេសនៃទម្រង់មុខផ្នែកខាងចំហៀងរបស់នាងទៀតហើយ។
នាថ្ងៃទី ១០ ខែកញ្ញា នាង Jihyo បានចូលរួមក្នុងពិធីសម្ពោធហាងធំរបស់ម៉ាក Helinox Wear នៅទីនោះនាងត្រូវបានថតរូបដោយអ្នកគាំទ្រ និងប្រព័ន្ធផ្សព្វផ្សាយ។ រូបភាពមួយចំនួន ត្រូវបានចែករម្លែកដោយទំព័រអ្នកគាំទ្ររបស់នាង អ្នកលេងអ៊ីនធើណេតជាច្រើនបានបញ្ចេញមតិយោបល់ផ្សេងៗគ្នាអំពីការផ្លាស់ប្តូររូបរាងរបស់នាង។
អ្នកខ្លះយល់ឃើញថា រូបរាងរបស់នាង Jihyo ពេលនេះគឺស្ទើរតែមិនអាចស្គាល់បាន ដោយពួកគេជឿជាក់ថា នាងពិតជាបានកែសម្រួលអ្វីមួយនៅលើផ្ទៃមុខរបស់នាង។
ផ្ទុយទៅវិញ មនុស្សជាច្រើនទៀតបានជំទាស់នឹងមតិទាំងនោះ ដោយលើកឡើងថា នាងនៅតែមើលទៅដូចជាខ្លួនឯងដដែល ហើយនាងនៅតែស្រស់ស្អាតជានិច្ចមិនថា មានការផ្លាស់ប្តូរយ៉ាងណាក៏ដោយ៕
