សិល្បៈ និង កម្សាន្ត

ពីសង្វៀន WWE មកកាន់ឆាកនយោបាយ ថ្នាក់ជាតិ លោក Glenn Jacobs (Kane) ក្លាយជាបេក្ខភាពឈានមុខ ដណ្តើមកៅអីព្រឹទ្ធសភាអាមេរិក

វ៉ាស៊ីនតោន៖ អតីតតារាកីឡាចំបាប់អាជីពកម្រិតពិភពលោក និងជាវីរជនក្នុងសាលកិត្តិយស (Hall of Fame) របស់ស្ថាប័ន WWE លោក Glenn Jacobs ដែលមហាជនស្គាល់យ៉ាងច្បាស់ក្រោមរហ័សនាម “Kane” កំពុងលេចធ្លោជាបេក្ខភាពឈានមុខគេមួយរូប ក្នុងការប្រកួតប្រជែងដណ្តើមកៅអីព្រឹទ្ធសមាជិកអាមេរិក (U.S. Senate) តំណាងឱ្យរដ្ឋ Tennessee។

បទពិសោធន៍ដឹកនាំ និងរបត់នយោបាយ ការដឹកនាំថ្នាក់មូលដ្ឋាន លោក Glenn Jacobs បានប្រឡូកក្នុងឆាកនយោបាយយ៉ាងសកម្មចាប់តាំងពីឆ្នាំ ២០១៧ ដោយបានឈ្នះការបោះឆ្នោតធ្វើជាអភិបាលស្រុក Knox County រដ្ឋ Tennessee កាលពីឆ្នាំ ២០១៨ និងបន្តទទួលបានការគាំទ្រក្នុងអាណត្តិទីពីរ។ បេក្ខភាពប្រជែងកៅអីព្រឹទ្ធសភា តាមប្រភពព័ត៌មាន Yahoo Sport ដែលបានចេញផ្សាយថា នយោបាយ លោក Jacobs ត្រូវបានគេមើលឃើញថាជាបេក្ខភាពលំដាប់កំពូលដែលមានសក្តានុពលខ្ពស់ ក្នុងការតំណាងឱ្យគណបក្សសាធារណរដ្ឋ ដើម្បីដណ្តើមកៅអីព្រឹទ្ធសភាអាមេរិក។

កេរដំណែលក្នុងពិភពកីឡាកម្សាន្ត (WWE) រហ័សនាម “Big Red Machine”៖ ក្នុងអាជីពជាកីឡាករចំបាប់ជាង ២៩ ឆ្នាំ លោក Kane គឺជាតួអង្គដ៏មានឥទ្ធិពល និងប្រជាប្រិយភាពបំផុតមួយរូប ដោយធ្លាប់គ្រងពានរង្វាន់ជើងឯកពិភពលោក (World Champion) ជាច្រើនសម័យកាល។ កិត្តិយស WWE Hall of Fame លោកត្រូវបានជ្រើសរើសបញ្ចូលទៅក្នុងសាលកិត្តិយស WWE ក្នុងឆ្នាំ ២០២១ ជាការទទួលស្គាល់នូវសមិទ្ធផល និងការវិភាគទានដ៏អស្ចារ្យក្នុងវិស័យកីឡាកម្សាន្ត។

ប្រសិនបើការឈរឈ្មោះនេះ ទទួលបានជោគជ័យ លោក Glenn Jacobs នឹងបង្កើតប្រវត្តិសាស្ត្រថ្មី ដោយក្លាយជាអតីតតារាកំពូល WWE ដំបូងគេ ដែលអាចឈានជើងចូលកាន់កាប់តំណែងក្នុងស្ថាប័នព្រឹទ្ធសភាអាមេរិក។ អ្នកវិភាគនយោបាយជឿជាក់ថា បទពិសោធន៍ដឹកនាំរដ្ឋបាលក្នុងស្រុករយៈពេល ៨ ឆ្នាំកន្លងមក គឺជាគ្រឹះ និងជាចំណុចខ្លាំងដ៏សំខាន់ក្នុងការកសាងទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋម្ចាស់ឆ្នោត៕

ប្រែសម្រួល៖ គីរី

Most Popular

To Top