សិល្បៈ និង កម្សាន្ត

ខ្សែភាពយន្ត និងភាពយន្តឯកសារ គួរឱ្យចាប់អារម្មណ៍ ដែលឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ១១ កញ្ញា (9/11)

បរទេស៖ ព្រឹត្តិការណ៍វាយប្រហារភ័យបំភ័យកាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០០១ នៅសហរដ្ឋអាមេរិក មិនត្រឹមតែជាចំណុចរបត់ដ៏សំខាន់ ក្នុងប្រវត្តិសាស្ត្រពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានជះឥទ្ធិពលយ៉ាងជ្រាលជ្រៅ ទៅលើឧស្សាហកម្មហូលីវូដ (Hollywood) ផងដែរ។ ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ ផលិតករភាពយន្តជាច្រើនបានថតចម្លង និងរៀបរាប់អំពីព្រឹត្តិការណ៍នេះ តាមរយៈខ្សែភាពយន្តភាគច្រើន និងភាពយន្តឯកសារដែលផ្តោតលើភាពក្លាហាន ការបាត់បង់ និងការផ្លាស់ប្តូរពិភពលោក នេះបើតាមការចេញផ្សាយ The Hollywood Reporter ដែលចេញផ្សាយនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៦ ។

១. ខ្សែភាពយន្តភាគរៀបរាប់ពីព្រឹត្តិការណ៍ជាក់ស្តែង (Narrative Feature Films)
United 93 (ឆ្នាំ ២០០៦): ដឹកនាំដោយលោក Paul Greengrass ភាពយន្តនេះត្រូវបានគេទទួលស្គាល់យ៉ាងខ្លាំងចំពោះការបង្ហាញយ៉ាងលម្អិត និងពិតប្រាកដនូវអ្វីដែលបានកើតឡើងនៅលើជើងហោះហើរ United Airlines Flight 93 ដោយផ្តោតលើភាពក្លាហានរបស់អ្នកដំណើរដែលបានប្រយុទ្ធប្រឆាំងនឹងក្រុមភេរវករ។ World Trade Center (ឆ្នាំ ២០០៦): ដឹកនាំដោយលោក Oliver Stone និងចូលរួមសម្តែងដោយ Nicolas Cage ភាពយន្តនេះរៀបរាប់អំពីសាច់រឿងពិត របស់មន្ត្រីនគរបាលពីររូបដែលបានជាប់ឃាំងក្រោមគំនរបាក់បែកនៃអគារពាណិជ្ជកម្មពិភពលោក (World Trade Center) និងការខិតខំប្រឹងប្រែងសង្គ្រោះជីវិតពួកគេ។ Zero Dark Thirty (ឆ្នាំ ២០១២): ដឹកនាំដោយលោកស្រី Kathryn Bigelow ភាពយន្តនេះតាមដានប្រតិបត្តិការរយៈពេលមួយទសវត្សរ៍របស់ភ្នាក់ងារសម្ងាត់អាមេរិក (CIA) ក្នុងការស្វែងរក និងតាមប្រមាញ់មេដឹកនាំភេរវករ Osama bin Laden។

២. ភាពយន្តឯកសារ និងការចងចាំ (Documentaries)
9/11 (ឆ្នាំ ២០០២): ផលិតដោយបងប្អូនប្រុស Naudet និងលោក James Hanlon ភាពយន្តឯកសារនេះទទួលបានរូបភាពពិតៗនៅទល់មុខ និងក្នុងអគារ Twin Towers អំឡុងពេលកើតហេតុផ្ទាល់ ខណៈពេលដែលពួកគេ កំពុងថតជីវិតប្រតិបត្តិការរបស់អ្នកពន្លត់អគ្គីភ័យក្នុងទីក្រុង New York។ Worth (ឆ្នាំ ២០២០): ភាពយន្តនេះផ្តោតលើទិដ្ឋភាពច្បាប់ និងមនុស្សធម៌ ដោយរៀបរាប់អំពីដំណើរការបង្កើតមូលនិធិសងជំងឺចិត្តសម្រាប់ជនរងគ្រោះ និងគ្រួសារដែលបានបាត់បង់ជីវិតក្នុងព្រឹត្តិការណ៍ 9/11។

៣. ឥទ្ធិពលលើឧស្សាហកម្មភាពយន្ត និងសង្គម ការផលិតភាពយន្តទាក់ទងនឹងព្រឹត្តិការណ៍ ១១ កញ្ញា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ចងចាំនូវវិញ្ញាណក្ខន្ធជនរងគ្រោះ និងការផ្តល់កិត្តិយសដល់វីរបុរស ដែលបានលះបង់ជីវិត។ ជាងនេះទៅទៀត វាក៏ជាកញ្ចក់ឆ្លុះបញ្ចាំងពីផលប៉ះពាល់ផ្នែកចិត្តសាស្ត្រ នយោបាយ និងសន្តិសុខសកល ដែលបន្តជះឥទ្ធិពលរហូតមកដល់បច្ចុប្បន្ន៕

ប្រែសម្រួល៖ គីរី

Most Popular

To Top