សិល្បៈ និង កម្សាន្ត

កីឡាការិនី អត្តពលកកម្មអាមេរិកម្នាក់ បង្កើតប្រវត្តិសាស្ត្រ ដោយរត់បានចម្ងាយជាង ១,០០០ គីឡូម៉ែត្រក្នុងរយៈពេល ៦ ថ្ងៃ

អាមេរិក ៖ កីឡាការិនីរត់ប្រណាំងចម្ងាយឆ្ងាយបំផុត (ultramarathon) ជនជាតិអាមេរិក អ្នកនាង Megan Eckert បានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ ដោយរត់បានចម្ងាយ ១,០២៤.៣១៩ គីឡូម៉ែត្រក្នុងរយៈពេល ១៤៤ ម៉ោង សកម្មភាពនេះធ្វើឲ្យអ្នកនាងក្លាយជាស្ត្រីដំបូងគេ ក្នុងប្រវត្តិសាស្ត្ររត់បានចម្ងាយលើសពី ១,០០០ គីឡូម៉ែត្រក្នុងការប្រណាំងរយៈពេល ៦ ថ្ងៃ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express ។

យោងតាម Marathon Handbook បានប្រាប់ថា មុនពេលចូលរួមការប្រកួតជើងឯកពិភពលោក GOMU សម្រាប់ការរត់រយៈពេល ៦ ថ្ងៃ (GOMU 6-Day World Championships) នៅទីក្រុង Balatonfüred ប្រទេសហុងគ្រី កីឡាការិនី Eckert បានកំណត់គោលដៅធំៗចំនួន ២ ។ អ្នកនាងមានបំណងបំបែកកំណត់ត្រាពិភពលោកផ្ទាល់ខ្លួនរបស់នាងដែលមានចម្ងាយ ៩៧០.៦៨៥ គីឡូម៉ែត្រ (បានបង្កើតឡើងនៅប្រទេសបារាំង ឆ្នាំ ២០២៥) និងបំបែកកំណត់ត្រារបស់អាមេរិកមានចម្ងាយ ៩៧៥.៦៥៣ គីឡូម៉ែត្រ (បានបង្កើតឡើងដោយលោក Joe Fejes ឆ្នាំ ២០១៥)។

អ្នកនាង Eckert បានរត់លើសកំណត់ត្រាផ្ទាល់ខ្លួនរបស់អ្នកនាង បន្ទាប់ពីចំណាយពេល ១៣៥ ម៉ោង និង ៣៨ នាទី។ បន្ទាប់មក អ្នកនាងបានបំបែកកំណត់ត្រាជាតិនៅត្រឹមតែ ៣២ នាទីក្រោយមកទៀត ខណៈនៅសល់ពេលវេលាប្រកួតជិត ៨ ម៉ោងទៀត។

កីឡាការិនីរូបនេះបានរត់ដល់ចម្ងាយ ១,០០០ គីឡូម៉ែត្រក្នុងរយៈពេល ១៣៩ ម៉ោង ៥៥ នាទី និង ៤៦ វិនាទី ដែលជាសមិទ្ធផលមិនធ្លាប់មានពីមុនមកសម្រាប់ការប្រកួតផ្នែកនារីក្នុងប្រភេទការរត់រយៈពេល ៦ ថ្ងៃនេះ។

យោងតាមទិន្នន័យ Ultramarathon Database ថា នៅពេលអ្នកនាងរត់ចប់នៅថ្ងៃពុធ ចម្ងាយសរុបដែលនាងបានរត់ គឺស្មើនឹងការរត់ពេញមួយជុំចំនួន ១.១៤០ ដង បូករួមនឹងចម្ងាយបន្ថែម ៣៧១ ម៉ែត្រទៀត។ អ្នកជំនាញម្នាក់បានវាស់វែងដោយផ្ទាល់នូវផ្នែកដែលនៅសល់នៃជុំចុងក្រោយបន្ទាប់ពីការប្រណាំង ដើម្បីបញ្ជាក់ពីចម្ងាយសរុបចំនួន ១.០២៤,៣១៩ គីឡូម៉ែត្រ។

ផ្លូវរត់ដែលបានទទួលការទទួលស្គាល់ជាផ្លូវការនេះមានប្រវែង ៨៩៨,២ ម៉ែត្រ និងស្ថិតក្នុងតំបន់បោះជំរុំក្បែរបឹង Balaton ដោយផ្លូវនេះត្រូវបានបិទមិនឲ្យមានចរាចរណ៍យានយន្តឆ្លងកាត់ក្នុងអំឡុងពេលនៃការប្រកួត។ ការប្រកួតរយៈពេល ៦ ថ្ងៃនេះ កីឡាការិនីមិនមែនរត់ប្រណាំងដើម្បីទៅដល់ខ្សែជ័យជម្នះ (finish line) នោះទេ ប៉ុន្តែពួកគេមានគោលដៅរត់ឲ្យបានចម្ងាយឆ្ងាយបំផុតតាមដែលអាចធ្វើទៅបាន មុនពេលផុតកំណត់រយៈពេល ១៤៤ ម៉ោង។

យោងតាមគេហទំព័រ iRunFar បានឲ្យដឹងថា រយៈពេលនៃការប្រកួតនេះក៏រាប់បញ្ចូលទាំងពេលវេលាសម្រាប់ការគេង ឬសម្រាកផងដែរ។ កីឡាការិនី Eckert បានគេងរៀងរាល់ ២ ម៉ោងម្តង ដោយគ្រាន់តែគេងមួយភ្លែតរយៈពេល ១៥ នាទីប៉ុណ្ណោះ ហើយស្ទើរតែមិនមានការសម្រាកយូរនោះទេ។ ក្នុងរយៈពេល ៦ ថ្ងៃនៃការប្រកួត នាងបានរក្សាល្បឿន មធ្យមចំនួន ៧,១១ គីឡូម៉ែត្រក្នុងមួយម៉ោង៕

Most Popular

To Top