ហ្សាកាតា៖ អាជ្ញាធរស្វែងរក និងជួយសង្គ្រោះរបស់ប្រទេសឥណ្ឌូណេស៊ីបានឱ្យដឹងថា នាវាដឹកអ្នកដំណើរមួយគ្រឿងដែលមានមនុស្សប្រហែល ២៤០ នាក់នៅលើនោះ បានបាត់ទំនាក់ទំនងនៅក្នុងសមុទ្រជ្វា។
យោងតាមទីភ្នាក់ងារស្វែងរក និងជួយសង្គ្រោះប្រចាំខេត្តកាលីម៉ាន់តាន់ខាងត្បូង បានឧ្យដឹងថា នាវានេះកំពុងធ្វើដំណើរពីទីក្រុងស៊ូរ៉ាបាយ៉ា (Surabaya) ក្នុងខេត្តជ្វាខាងកើត (East Java) ទៅកាន់ទីក្រុងបានចារម៉ាស៊ីន (Banjarmasin) ក្នុងខេត្តកាលីម៉ាន់តាន់ខាងត្បូង នៅពេលដែលវាបានបាត់ទំនាក់ទំនង។
ទីតាំងចុងក្រោយដែលគេដឹង គឺនៅចម្ងាយប្រហែល ៨០ ម៉ាយល៍នៃសមុទ្រពីកំពង់ផែស្វែងរក និងជួយសង្គ្រោះក្នុងទីក្រុងបានចារម៉ាស៊ីន។
នាវាស្វែងរក និងជួយសង្គ្រោះមួយគ្រឿងត្រូវបានបញ្ជូនទៅកាន់តំបន់នោះ។ មានសេចក្តីរាយការណ៍ថា នាវាដឹកអ្នកដំណើរនោះបានជួបប្រទះអាកាសធាតុមិនល្អ មុនពេលបាត់ទំនាក់ទំនង។
រហូតមកទល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍ អំពីការបាត់បង់ជីវិត ឬអ្នករងរបួសនោះទេ៕
ប្រែសម្រួល ឈូក បូរ៉ា
