កូរ៉េខាងត្បូង៖យោងតាមការ ចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា ថ្មីៗនេះ តារាចម្រៀងជនជាតិចិននាង Ningning សមាជិកក្រុមតារាចម្រៀងនារី កូរ៉េខាងត្បូង Aespa បានផ្លាស់ប្តូររូបភាពប្រវត្តិរូបលើ Instagram របស់នាងទៅជារូបភាពដែលមិននឹកស្មានដល់មួយ គឺជារូបតំណាង (icon) លំនាំដើមត្រូវបានកែសម្រួល ដោយបង្ហាញរូបភាពដៃលើកឡើង ហើយលើកម្រាមដៃកណ្តាល។
ទោះបីជារូបភាពប្រវត្តិរូប (profile picture) លើ Instagram នោះមើលទៅហាក់ដូចជាគ្មានចេតនាអាក្រក់ក៏ដោយ ប៉ុន្តែវាក៏បានបង្កឲ្យមានការរិះគន់យ៉ាងខ្លាំង ពីសំណាក់អ្នកលេងអ៊ីនធើណេត។
មនុស្សមួយចំនួនបានបកស្រាយសកម្មភាពលើកម្រាមដៃកណ្តាលនោះថា ជាកាយវិការសំដៅទៅលើអ្នកគាំទ្រ ដោយចោទប្រកាន់នាង Ningning ថាមានអារម្មណ៍អវិជ្ជមានចំពោះក្រុមអ្នកគាំទ្រ MY។ អ្នកខ្លះទៀតយល់ថារូបភាពនោះមិនសមរម្យ ដោយចាត់ទុកតារាស្រីក្រុម aespa រូបនេះថាជាមនុស្សមិនចាស់ទុំ និងខ្វះការអប់រំ។
ទោះជាយ៉ាងណាក៏ដោយ នៅម្ខាងទៀត អ្នកគាំទ្រជាច្រើនមិនបានយល់ឃើញថា វាជារឿងដែលគួរឲ្យខឹងសម្បារនោះទេ ដោយពួកគេយល់ថាជម្រើសរបស់ Ningning គ្រាន់តែជារឿងកំប្លែង និងជាសកម្មភាពដែលបង្ហាញពីអាកប្បកិរិយា “មិនខ្វល់ខ្វាយអ្វីទាំងអស់” (IDGAF) គ្មានចេតនាបង្កគ្រោះថ្នាក់អ្វីឡើយ៕
