ព័ត៌មានអន្តរជាតិ

តារាចម្រៀងនា Lisa ចេញមុនបកស្រាយជាប់ពាក់ព័ន្ធការប្រើប្រាស់ពាក្យរើសអើងពូជសាសន៍របស់ខ្លួន

កូរ៉េខាងត្បូង៖ យោងតាមការចេញផ្សាយពីគេហទំព័រ koreaboo បានប្រាប់ឲ្យដឹងថា នាង Lisa សមាជិកក្រុមតារាចម្រៀងនារីកូរ៉េខាងត្បូង BLACKPINK បានបកស្រាយអំពីភាពចម្រូងចម្រាសជុំវិញការដែលនាងបានច្រៀងដោយប្រើពាក្យ “N-word” (ពាក្យរើសអើងពូជសាសន៍) ក្នុងវីដេអូថតទុកតាំងពីសម័យដែលនាងនៅជាអ្នកហ្វឹកហាត់។

នាថ្ងៃទី ១១ ខែកញ្ញាភាពយន្តឯកសារទោលរបស់នាង Lisa ដែលមានចំណងជើងថា “Always Lalisa” ត្រូវបានចាក់បញ្ចាំងជាលើកដំបូងក្នុងមហោស្រពភាពយន្តអន្តរជាតិ Toronto (TIFF)។ ចាប់តាំងពីពេលនោះមក មានការបង្ហោះព័ត៌មានជាច្រើនដែលបានលើកឡើងពីចំណុចសំខាន់ៗមួយចំនួននៃភាពយន្តនេះ។

យោងតាមការបង្ហោះទាំងនោះឲ្យដឹងថា នាង Lisa បាននិយាយអំពីប្រធានបទដ៏ចម្រូងចម្រាសមួយ ពាក់ព័ន្ធនឹងការដែលនាងធ្លាប់ច្រៀងបទចម្រៀងមានពាក្យប្រមាថពូជសាសន៍ ក្នុងអំឡុងពេលដែលនាងនៅជាអ្នកហ្វឹកហាត់។

តារារូបនេះបានពន្យល់ថា វីដេអូទាំងនោះត្រូវបានថតនៅពេលនាងទើបតែមកពីប្រទេសថៃ ហើយមិនបានដឹងទាល់តែសោះអំពីអត្ថន័យដ៏ធ្ងន់ធ្ងរ និងការរើសអើងពូជសាសន៍បានបង្កប់ក្នុងពាក្យនោះ។ នាងគ្រាន់តែរៀនច្រៀងបទចម្រៀង តម្រូវឲ្យនាងច្រៀងសម្រាប់ការវាយតម្លៃសមត្ថភាពអ្នកហ្វឹកហាត់ប៉ុណ្ណោះ។

បន្ទាប់ពីបានស្វែងយល់បន្ថែមអំពីបញ្ហានេះ នាងចង់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយតាមរយៈក្រុមហ៊ុន LLOUD ប៉ុន្តែក្រុមហ៊ុន YG Entertainment ត្រូវបានគេរាយការណ៍ថា បានជំទាស់នឹងការសម្រេចចិត្តនេះ។ ក្រុមហ៊ុនយល់ឃើញថា ការចេញសេចក្តីថ្លែងការណ៍ណាមួយនឹងធ្វើឲ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរឡើង ដូច្នេះហើយទើបគេយល់ថាវាជាការប្រសើរជាងក្នុងការមិនបញ្ចេញមតិលើរឿងនេះ៕

Most Popular

To Top