កីឡា

លោក សែម សុខា អញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាស៉្បេស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ និងកម្មវិធីត្រួតពិនិត្យសុខភាពនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ លោក សែម សុខា រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអនុប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំកកម្ពុជាតំណាង ឲ្យជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មាធិការជាតិ ស្ប៉េស្យាល់អូឡាំកកម្ពុជា និងលោកស្រី ប៉ុក ណាឌី អភិបាលរងខេត្ត និងជាប្រធានអនុគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកខេត្តពោធិ៍សាត់នាថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមក្នុងពិធីបិទការប្រកួតកីឡាស៉្បេស្យាល់អូឡាំពិកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២៦ និងកម្មវិធីត្រួតពិនិត្យសុខភាពនៅខេត្តពោធិ៍សាត់ ។

លោក សែម សុខា បានមានប្រសាសន៍ថា ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិកាជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា និងអនុគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តប៉ៃលិន ខេត្តកំពង់ឆ្នាំង ព្រមទាំងក្រុមការងារទាំងអស់បានលះបង់ពេលវេលាដ៏មមាញឹកមកចូលរួមរៀបចំកម្មវិធីនេះ ដើម្បីរួមចំណែក លើកស្ទួយវិស័យពិការភាព ជាពិសេសការងារកីឡាស្ប៉េស្យាល់អូឡាំពិក ដែលជានិច្ចកាល គណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា តែងតែយកចិត្តទុកដាក់ពង្រីកចលនា កីឡាស្ប៉េស្យាល់អូឡាំពិកដល់បណ្តាខេត្តនានា និងបានបណ្តុះបណ្តាលមន្រ្តីជំនាញ ដើម្បីឲ្យចេះពិនិត្យវាយតម្លៃលើប្រភេទ កីឡាសម្រាប់ជនមានពិការភាព និងធ្វើការហ្វឹកហាត់ក្នុងគោលបំណង ផ្តល់ឱកាសដល់ជនមានពិការភាពខ្សោយសតិបញ្ញា បានចូលរួមក្នុងសកម្មភាពសង្គមតាមរយៈវិស័យកីឡា និងដើម្បីបម្រើសុខុមាលភាពដល់ពួកគាត់។

លោកអនុប្រធានគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំកកម្ពុជា បានបន្តថា វិស័យពិការភាពជាអាទិភាពដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វ និងឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ជាសេនាធិការ ។ រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានកំណត់យ៉ាងច្បាស់ នូវគោលនយោបាយ អភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលធានាបាននូវប្រសិទ្ធភាព និងបរិយាបន្នសម្រាប់ប្រជាជនកម្ពុជាទាំងមូល ដើម្បីលើកកម្ពស់កសាងអភិវឌ្ឍមូលធនមនុស្ស សុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលងាយរងគ្រោះ និងងាយរងហានិភ័យ ជាពិសេស ចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងអភិ វឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ស្របតាមចក្ខុវិស័យ របស់រាជរដ្ឋាភិបាល ដើម្បីឈានទៅរកការសម្រេចបាន និងប្រែក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋលេខាធិការ បានបបន្ថែមថា គណៈកម្មាធិការជាតិស្ប៉េស្យាល់ អូឡាំពិកកម្ពុជា ជាអង្គការមិនរកប្រាក់កម្រៃ មានការទទួលខុសត្រូវ ក្នុងការអភិវឌ្ឍចលនាកីឡាជនបញ្ញាខ្សោយ ទាំងក្មេង ទាំងចាស់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ម៉្យាងវិញទៀត គណៈកម្មាធិការ បានបន្តជំរុញ និងចូលរួមសហការជាមួយអង្គការដៃគូពាក់ព័ន្ធនានា ដែលបានជួយដល់ជនពិការខ្សោយសតិបញ្ញា ដើម្បីផ្តល់ឱកាសដល់ពួកគាត់ បានហ្វឹកហាត់និងចូលរួមប្រកួតកីឡា ដូចជនមានពិការភាពដទៃៗទៀត និងជនមិនមានពិការភាពផងដែរ ។ ទាំងនេះជាការឆ្លុះបញ្ចាំង នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាដល់ជនមានពិការភាពគ្រប់ប្រភេទ និងជាការរួមចំណែកមួយ ក្នុងការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការកម្ពុជា ។
មួយវិញទៀត ដោយការវិវឌ្ឍនៅមានកម្រិតជាពិសេសចលនាកីឡាស្ប៉េស្យាល់អូឡាំពិក គឺពឹងផ្អែកលើការជួយឧបត្ថម្ភទាំងសម្ភារៈ ថវិកា ពីអង្គការជាតិ អន្តរជាតិ និងសប្បុរសជននានា ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជួយជំរុញលើកទឹកចិត្តនិងឧបត្ថម្ភថវិកាដល់ចលនាកីឡាស្ប៉េស្យាល់អូឡាំពិកនៅកម្ពុជាជារៀងរាល់ឆ្នាំ។

ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់អនុគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកថ្នាក់ខេត្តទាំងអស់ ក៏ដូចជាអង្គការ សមាគមនានា ដែលគ្រប់គ្រងផ្ទាល់ជួយដល់ជនពិការខ្សោយសតិបញ្ញា សូមយកចិត្តទុកដាក់បីបាច់ថែរក្សា និងផ្តល់ឱកាសឱ្យពួកគាត់បានហ្វឹកហាត់ និងចូលរួមការប្រកួតនានា ដូចដែលគណៈកម្មាធិការជាតិស្ប៉េស្យាល់អូឡាំពិកកម្ពុជា បានរៀបចំតាមកម្មវីធីជារៀងរាល់ឆ្នាំ។ ចំពោះការងារនេះ គឺមានតែក្រុមគ្រួសារ ឪពុកម្តាយ អាណាព្យាបាល ឬអ្នកដែលជិតបំផុតរបស់កីឡាករ កីឡាការិនី ជនបញ្ញាខ្សោយប៉ុណ្ណោះ ដែលជាកត្តាសំខាន់បំផុត ក្នុងការបំផុសជំរុញលើកទឹកចិត្តដល់ពួកគាត់ ដើម្បីចូលរួមចលនាកីឡា៕

Most Popular

To Top