ព័ត៌មានអន្តរជាតិ

ឡើងជើងគ្មានគូប្រៀប ! Barcelona កំពុងអង្រួនអឺរ៉ុប ជាមួយកំណត់ត្រាស៊ុតយ៉ាងកក្រើក

បរទេស ៖ ប្រហែលជាគ្មាន ក្លិបបាល់ទាត់ណាមួយ នៅលើពិភពលោក ដែលមានទម្រង់លេងលេចធ្លោ និងជោគជ័យខ្លាំង ជាងក្លិប FC Barcelona នោះឡើយ ក្នុងរយៈពេលប្រមាណបីខែចុងក្រោយនេះ។ ក្រុមក្រោមការដឹកនាំរបស់លោក Hansi Flick បានបញ្ចប់រដូវកាល ២០២៥-២៦ យ៉ាងត្រចះត្រចង់ ដោយបានឈ្នះ ពានរង្វាន់ LaLiga ជាមួយគម្លាតពិន្ទុ នាំមុខរហូតដល់ ៨ ពិន្ទុ ព្រមទាំងបានបំបាក់ក្រុម Newcastle យ៉ាងចាស់ដៃក្នុងលទ្ធផល ៧-២ ក្នុងជើងទីពីរនៃវគ្គ ១៦ ក្រុមចុងក្រោយពានរង្វាន់ Champions League ។ ឧបសគ្គតែមួយគត់ដែលរារាំងពួកគេពីការដណ្ដើមពានរង្វាន់ផ្សេងទៀត គឺក្លិប Atletico Madrid ដែលបានទម្លាក់ពួកគេទាំងក្នុងពានរង្វាន់ Copa del Rey និង Champions League នេះបើយោងតាម ESPN ចេញផ្សាយថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

ចាប់តាំងពីរដូវកាលមុនបានបញ្ចប់ សន្ទុះរបស់ Barcelona កាន់តែកើនឡើងខ្លាំងជាងមុនទៅទៀត។ កីឡាកររបស់ Barcelona រហូតដល់ ៨ រូប ស្ថិតក្នុងក្រុមជម្រើសជាតិអេស្ប៉ាញដែលបានឈ្នះពានរង្វាន់ World Cup ដោយក្នុងនោះ ៦ រូបបានបង្ហាញខ្លួនក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ។ ទោះបីជាខ្សែប្រយុទ្ធ Ferran Torres បានចាកចេញទៅចូលរួមជាមួយ PSG ក៏ដោយ ក្លិបបាននាំយកខ្សែបម្រើការពារឆ្នើម Rodri ពី Manchester City មកពង្រឹងបន្ថែម។ លើសពីនេះ ពួកគេក៏បានចុះកិច្ចសន្យានាំយកកីឡាករមានល្បឿនលឿនពីររូបបន្ថែមទៀត គឺ Anthony Gordon (កីឡាករដែលស័ក្តិសមឥតខ្ចោះជាមួយទម្រង់លេងរបស់លោក Flick) និង Karim Adeyemi។

នៅដើមរដូវកាល ២០២៦-២៧ នេះ Barcelona បានបង្ហាញទម្រង់លេងយ៉ាងកក្រើក ដោយបានស៊ុតបញ្ចូលទីគូប្រកួត ៧ លើកដំបូងរបស់ពួកគេសរុបដល់ទៅ ៣៣ គ្រាប់ និងរបូតវិញត្រឹមតែ ៧ គ្រាប់ប៉ុណ្ណោះ។ ដៃគូប្រយុទ្ធ Raphinha និង Lamine Yamal រួមចំណែករកបានដល់ទៅ ១៩ គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុត (Assists) បាន ៧ លើកក្នុងការប្រកួតគ្រប់ក្របខ័ណ្ឌទាំងអស់។ ទន្ទឹមនឹងនេះ សមាជិកថ្មី Gordon និង Adeyemi ក៏បានរួមចំណែកភ្លាមៗ ដោយរកបាន ៣ គ្រាប់ និងបញ្ជូនបាល់ ៦ លើក។

ទោះបីជា Barcelona មិនទាន់បានជួបគូប្រកួតកម្រិតកំពូលធំៗច្រើននៅឡើយ (គូប្រកួតខ្លាំងបំផុតដែលពួកគេបានជួបគឺ Athletic Club ដែលឈរនៅចំណាត់ថ្នាក់លេខ ៦៩ លើពិភពលោកតាមការវាយ តម្លៃរបស់ Opta ហើយជាក្រុមតែមួយគត់ដែលទប់ Barcelona មិនឱ្យស៊ុតលើសពី ៤ គ្រាប់) ប៉ុន្តែទម្រង់លេងដើមរដូវកាលនេះ បង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងរក្សា ឬឈានហួសទម្រង់លេងល្អបំផុត កាលពីរដូវកាលមុនទៅទៀត។ ជាក់ស្ដែង ពួកគេបានឈានចូលដល់ការ សម្រាកប្រកួតអន្តរជាតិលើកដំបូងនៃរដូវកាល ក្នុងនាមជាក្រុមដែលខ្លាំងនិងឡើងជើងបំផុតនៅអឺរ៉ុប។

ប្រែសម្រួល៖​ គីរី

Most Popular

To Top