បរទេស៖ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) និងសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាមេរិកខាងជើង កណ្តាល និងការីប៊ីន (CONCACAF) បានសរសេរលិខិតរួមគ្នាមួយផ្ញើទៅកាន់លោក Gianni Infantino ដោយទាមទារឱ្យស្ថាប័ន FIFA ដកប្រាក់បម្រុងរបស់ខ្លួនយ៉ាងហោចណាស់ ១០លានដុល្លារ (ប្រមាណ ៧,៥លានផោន) ដើម្បីបើកផ្តល់ជូនដល់សមាគមជាសមាជិកទាំង ២១១ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន BBC ថ្ងៃទៅ១៩ ខែកញ្ញា ឆ្នាំ២០២៦។
នេះគឺជាទំព័រថ្មីមួយទៀតនៃសង្គ្រាមពាក្យសម្តីរវាងស្ថាប័នគ្រប់គ្រងបាល់ទាត់កំពូលទាំងនេះ ដែលកើតឡើងជាការឆ្លើយតបទៅនឹងការលុបចោលវិញនូវសំណើលក់ភាគហ៊ុនឯកជន (Private equity) របស់ប្រធាន FIFA លោក Gianni Infantino។ គម្រោងនោះមានឈ្មោះថា Fifa Forward Enterprise (FFE) ដែលមានបំណងបង្កើតក្រុមហ៊ុនថ្មីមួយដើម្បីគ្រប់គ្រងសិទ្ធិពាណិជ្ជកម្ម និងការលក់សំបុត្រនៃការប្រកួតទាំងអស់ រួមទាំង World Cup ដោយមានបំណងលក់ភាគហ៊ុន ២១% ទៅឱ្យក្រុមហ៊ុនវិនិយោគ។ គំនិតនេះត្រូវបានលុបចោលវិញត្រឹមរយៈពេល ៤ថ្ងៃ ក្រោយរងការប្រឆាំងយ៉ាងខ្លាំងពីបណ្តាសមាគមជាតិ។
លិខិតដែលចុះហត្ថលេខាដោយប្រធាន UEFA លោក Aleksander Ceferin និងប្រធាន CONCACAF លោក Victor Montagliani បានគូសបញ្ជាក់ថា FIFA គ្រោងនឹងបិទបញ្ចប់អាណត្តិឆ្នាំ២០២៣-២០២៦ ជាមួយនឹងប្រាក់បម្រុងប្រមាណ ៦ពាន់លានដុល្លារ ដែលជាចំនួនធំធេងលើសពីតម្រូវការចាំបាច់រហូតដល់ព្រឹត្តិការណ៍ World Cup ឆ្នាំ២០៣០។ ដូច្នេះ FIFA គួរតែបញ្ចេញទឹកប្រាក់យ៉ាងហោចណាស់ ១០លានដុល្លារ ដល់សមាជិកនីមួយៗសម្រាប់វដ្តឆ្នាំ២០២៧-២០៣០ ដើម្បីយកទៅវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍបាល់ទាត់។
ការបញ្ចេញកញ្ចប់ថវិកាបម្រុងនេះ នឹងត្រូវចំណាយសរុបប្រមាណ ២,១១ពាន់លានដុល្លារ ដែលជាប្រាក់ផ្តល់បន្ថែមពីលើមូលនិធិធម្មតា។
ស្ថាប័នទាំងពីរបានចោទសួរអំពីភាពចាំបាច់នៃគម្រោង FFE និងបានទាមទារឱ្យមាន “ការត្រួតពិនិត្យឯករាជ្យ” ទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ FIFA ដោយអះអាងថា ធនធានរាប់ពាន់លានដុល្លារនេះជារបស់បាល់ទាត់ ហើយការអភិវឌ្ឍគឺជាការទទួលខុសត្រូវជាស្ថាប័នរបស់ FIFA មិនមែនជាការសម្រេចចិត្តតាមអំពើចិត្តរបស់បុគ្គលណាមួយឡើយ។
គួររំលឹកថា កាលពីគម្រោង FFE ត្រូវបានលាតត្រដាង លោក Infantino ធ្លាប់បានសន្យាថាសមាជិកនឹងទទួលបាន ៤០លានដុល្លារ ប្រសិនបើពួកគេគាំទ្រសំណើនេះ ដោយលោកបានកំណត់កាលបរិច្ឆេទត្រឹមថ្ងៃទី១៩ ខែកញ្ញា សម្រាប់ការយល់ព្រម ដើម្បីអាចទទួលបានប្រាក់លើកដំបូង ២០លានដុល្លារ។
ជុំវិញភាពចម្រូងចម្រាសនេះ ប្រធានសមាគមបាល់ទាត់អង់គ្លេស (FA) និងជាអនុប្រធាន FIFA លោកស្រី Debbie Hewitt ក៏បានចេញមុខទាមទារឱ្យប្រធាន និងអគ្គលេខាធិការ FIFA បញ្ចេញរាល់ឯកសារពាក់ព័ន្ធនឹងគម្រោង FFE និងស្នើសុំការពន្យល់ជាលាយលក្ខណ៍អក្សរជុំវិញការលុបចោលការពិន័យព្យួរជើងខ្សែប្រយុទ្ធអាមេរិក Folarin Balogun នៅ World Cup ផងដែរ ដោយត្រូវប្រគល់ឯកសារទាំងអស់មុនកិច្ចប្រជុំក្រុមប្រឹក្សា FIFA នាថ្ងៃទី១៥ ខែតុលា ខាងមុខ។
គួរបញ្ជាក់ផងដែរថា លោក Infantino វ័យ ៥៦ឆ្នាំ នឹងឈរឈ្មោះបោះឆ្នោតជាលើកទី៤ នៅក្នុងខែមីនា ឆ្នាំក្រោយ ខណៈដែលបេក្ខភាពប្រកួតប្រជែង មានពេលត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ប៉ុណ្ណោះ ដើម្បីស្វែងរកបេក្ខជនមកប្រជែងតំណែងនេះ។
ប្រែសម្រួល៖ គីរី
