ជប៉ុន៖នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានប្រតិភូ បានដឹកនាំប្រតិភូកីឡាកម្ពុជា អញ្ជើញចូលរួមក្នុងពិធីលៀងសាយភោជន៍ទទួលស្វាគមន៍គណៈប្រតិភូកីឡាអាស៊ីហ្គេមលើកទី២០ ឆ្នាំ២០២៦ (Aichi-Nagoya Asian Games) នៅទីក្រុង Nagoya ប្រទេសជប៉ុន។

ពិធីបដិសណ្ឋារកិច្ច និងលៀងសាយភោជន៍នេះ ត្រូវបានរៀបចំឡើងដោយអភិបាលក្រុង Nagoya និងមានការអញ្ជើញចូលរួមពីសំណាក់គណៈប្រតិភូក្រសួងអប់រំ យុវជន និងកីឡា គណៈប្រតិភូកីឡាអាស៊ី គណៈកម្មាធិការជាតិអូឡាំពិក និងភាគីពាក់ព័ន្ធ។ ពិធីបើកជាផ្លូវការព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីហ្គេមលើកទី២០ ឆ្នាំ២០២៦ (Aichi-Nagoya Asian Games) នៅទីក្រុង Nagoya ប្រទេសជប៉ុន នឹងចាប់ផ្ដើមនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ ។

កម្ពុជាបានបញ្ជូនប្រភេទកីឡាចូលរួមប្រកួត ចំនួន ១៤ ប្រភេទកីឡា កីឡាហែលទឹក កីឡាអត្តពលកម្ម កីឡាប្រដាល់សកល កីឡាជីជីតស៊ូ កីឡាយូដូ កីឡាការ៉ាតេ កីឡាតេក្វាន់ដូ WT កីឡាទ្រីយ៉ាត្លង កីឡាចំបាប់ កីឡា E-Sports កីឡាបាល់ទាត់លើតុ កីឡាគុនចម្រុះ កីឡាទូកក្តោង និងកីឡាប្រភេទកីឡាសូហ្វតិន្នីស ។
ប្រតិភូដឹកនាំកីឡា ចំនួន ២៥នាក់ កីឡាករ ៣៩ នាក់ កីឡាការិនី ២០ នាក់ ចំនួន ៥៩នាក់ គ្រូបង្វឹក ២១នាក់ ចំនួន ២១នាក់ សរុបចំនួន ១០៦ នាក់។ ការប្រកួតកីឡាអាស៊ី លើកទី២០ ឆ្នាំ២០២៦ នៅ ទីក្រុងណាកូយ៉ា ប្រទេសជប៉ុន ចាប់ពីថ្ងៃទី១៩ ខែកញ្ញា ដល់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៦៕
ដោយ៖លី ភីលីព

