បរទេស៖ កីឡាករ Mexx Meerdink បានស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯង ជួយឱ្យក្រុមជម្រើសជាតិហូឡង់ យកឈ្នះលើក្រុមម្ចាស់ផ្ទះស៊ែប៊ី ក្នុងលទ្ធផល ២-១ នៃការប្រកួតពានរង្វាន់ Nations League កាលពីថ្ងៃអាទិត្យ។ លទ្ធផលនេះបានផ្តល់នូវជ័យជម្នះលើកដំបូងសម្រាប់លោក Xavi Hernández ក្នុងនាមជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិហូឡង់ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន SEPN ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦។

ខ្សែប្រយុទ្ធវ័យ២៣ឆ្នាំ Meerdink ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិប AZ Alkmaar បានបង្ហាញខ្លួនជាជម្រើស១១នាក់ដំបូង ជាលើកទីមួយសម្រាប់ក្រុមជម្រើសជាតិ។ រូបគេជាអ្នករកគ្រាប់បាល់បើកឆាកដោយការស៊ុតបាល់ប៉េណាល់ទីយ៉ាងជឿជាក់នៅនាទីទី៣០ មុនពេលបន្ថែមគ្រាប់ទី២ ដែលជាគ្រាប់បាល់ជ័យជម្នះនៅនាទីទី៦៩ បន្ទាប់ពីកីឡាករ Luka Jović របស់ស៊ែប៊ីស៊ុតតាមស្មើនៅនាទីទី៤៦ (ដើមតង់ទី២)។
គ្រាប់បាល់ជ័យជម្នះនេះកើតឡើងពីការបញ្ជូនយ៉ាងល្អពីសំណាក់កីឡាករ Ruben van Bommel។ នេះជាការបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទី ជាលើកទី២របស់គេហើយ ក្នុងជំនួប២ប្រកួតជាប់គ្នាសម្រាប់ហូឡង់ បន្ទាប់ពីកីឡាកររូបនេះទើបតែបានលើកបាល់យ៉ាងល្អឱ្យ Cody Gakpo ស៊ុតតាមស្មើអាល្លឺម៉ង់ ១-១ កាលពីថ្ងៃសុក្រ។
សម្រាប់ Meerdink ដែលទើបបង្ហាញខ្លួនលើកទីពីរឱ្យក្រុមជម្រើសជាតិ ក្រោយការបង្ហាញខ្លួនដំបូងកាលពីថ្ងៃសុក្រ គឺអាចរកបាន២គ្រាប់ហើយពីការប្រកួតទាំង២លើកនេះ។
ជ័យជម្នះនេះ បានជួយឱ្យក្រុមហូឡង់ទទួលបានជ័យជម្នះជាលើកដំបូងរបស់ខ្លួននៅក្នុងពូល A2 ៕
ប្រែសម្រួល៖ គីរី
