ជប៉ុន ៖ គណៈកម្មការរៀបចំការ ប្រកួតកីឡាអាស៊ី (Asian Games) នៅទីក្រុង Aichi-Nagoya ប្រទេសជប៉ុន កំពុងប្រឈមមុខនឹងការរិះគន់យ៉ាងខ្លាំងទាក់ទង នឹងបញ្ហាកន្លែងស្នាក់នៅ របស់អត្តពលិក ដែលត្រូវបានរៀបចំក្នុង ទម្រង់ជាបន្ទប់កុងតឺន័រ (container-style blocks)។ កន្លែងស្នាក់នៅទាំងនេះ មានទំហំតូចចង្អៀត និងគ្រែគេងខ្លី ដែលបង្កការលំបាកដល់កីឡាករ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន Reuters ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦។
ការត្អូញត្អែររបស់អត្តពលិក លោក Javier Garcia Alvarez គ្រូបង្វឹកក្រុមបាល់បោះនារីម៉ុងហ្គោលី បានលើកឡើងថា គ្រែគេងនេះបង្កការលំបាកសម្រាប់កីឡាករដែលមានកម្ពស់ ១,៨៥ ទៅ ១,៩០ម៉ែត្រ ហើយលោកបានប្រៀបប្រៀបកន្លែងស្នាក់នៅនេះទៅនឹង “ការបោះជំរំ” (Camp)។ ចំណែកលោក Jung Jae-yong អនុប្រធានសហព័ន្ធកីឡាបាល់បោះកូរ៉េខាងត្បូង ក៏បានរិះគន់ថា កីឡាករដែលមានកម្ពស់លើសពី ២ម៉ែត្រ មិនអាចសូម្បីតែសណ្តូកជើងឱ្យត្រង់បាននោះទេ។ លើសពីនេះ ក៏មានសេចក្តីរាយការណ៍អំពីបញ្ហាលេចធ្លាយទឹក និងការជម្លៀសខ្លួនអត្តពលិកមួយរយៈពេលខ្លីដោយសារជំនន់ទឹកភ្លៀងផងដែរ។
ជាការឆ្លើយតប គណៈកម្មការរៀបចំបានទទួលស្គាល់ពីការខ្វះខាតនេះ ហើយបានលើកឡើងថា ការប្រើប្រាស់កៅអីទ្រនាប់ជើង (Ottomans) ជាការតភ្ជាប់នៅចុងគ្រែ អាចជួយផ្តល់ភាពងាយស្រួលជាងមុនសម្រាប់កីឡាករដែលមានកម្ពស់ខ្ពស់។
ដោយសារការសាងសង់ហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅជប៉ុនជួបការលំបាក ម្ចាស់ផ្ទះរងការរិះគន់ចំពោះការមិនបានសាងសង់ភូមិកីឡាប្រពៃណី។ ផ្ទុយទៅវិញ ពួកគេត្រូវរៀបចំកន្លែងស្នាក់នៅចម្រុះរួមមាន បន្ទប់កុងតឺន័រ សណ្ឋាគារ និងកប៉ាល់ទេសចរណ៍ខ្នាតធំ (Cruise ship) ដើម្បីទទួលអត្តពលិក និងប្រតិភូកីឡាសរុបប្រមាណ ១៧ ០០០នាក់។
លោក Yuta Matsuo អ្នកគ្រប់គ្រងផ្នែកស្នាក់នៅ បានបញ្ជាក់ថា ពួកគេមិនត្រឹមតែទទួលស្គាល់បញ្ហានោះទេ ប៉ុន្តែកំពុងចាត់វិធានការជាក់ស្តែងដើម្បីកែលម្អលក្ខខណ្ឌនៃការរស់នៅ។ ចំណែកលោក Hideaki Omura ប្រធានគណៈកម្មការរៀបចំ ក៏បានសន្យាថានឹងបន្តកែលម្អ និងឆ្លើយតបទៅនឹងរាល់បញ្ហាដែលបានកើតឡើងផងដែរ។
ប្រែសម្រួល៖ គីរី
