កីឡា

លោកមិនស័ក្តិសមធ្វើជាប្រធាន FIFA ឡើយ! ៖ ការសុំទោសរបស់លោក Gianni Infantino មិនអាចរំងាប់កំហឹងក្រុមប្រឹក្សា ជុំវិញគម្រោងវិនិយោគសម្ងាត់

​ស៊ូរិច ៖ លោក Gianni Infantino កំពុងប្រឈមមុខ នឹងវិបត្តិដ៏ធ្ងន់ធ្ងរ ដើម្បីការពារតំណែង ប្រធានសហព័ន្ធកីឡា បាល់ទាត់អន្តរជាតិ (FIFA) របស់ខ្លួន បន្ទាប់ពីកិច្ចប្រជុំក្រុមប្រឹក្សា FIFA ដ៏តានតឹងមួយនៅទីក្រុង Zurich បានចោទប្រកាន់មន្ត្រីសញ្ជាតិស្វីស-អ៊ីតាលីរូបនេះថា «មិនស័ក្តិសមនឹងកាន់តំណែង»។ ទោះបីជាលោកបានចេញមុខ សុំទោសចំពោះគម្រោងវិនិយោគសម្ងាត់ដ៏ចម្រូងចម្រាសក៏ដោយ ក៏បុរសវ័យ ៥៦ឆ្នាំរូបនេះ នៅតែមិនទាន់ផ្តល់នូវតម្លាភាព តាមការទាមទាររបស់សមាជិកជាន់ខ្ពស់នៃក្រុមប្រឹក្សាភិបាលនៅឡើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ ។

​នៅក្នុងកិច្ចប្រជុំដ៏តានតឹង រយៈពេល ៣ម៉ោងកន្លះ កាលពីថ្ងៃព្រហស្បតិ៍ លោក Infantino បានព្យាយាមដោះស្រាយ ផលវិបាកដែលកើតចេញពីសំណើ «FIFA Forward Enterprise (FFE)» ដែលទើបត្រូវបានលុបចោល។ គម្រោងសម្ងាត់នេះ ត្រូវបានរៀបចំឡើងក្នុងបំណងផ្ទេរសិទ្ធិពាណិជ្ជកម្មសំខាន់ៗមួយផ្នែកធំរបស់ FIFA ទៅឱ្យក្រុមវិនិយោគិនឯកជន ប៉ុន្តែត្រូវបានបោះបង់ចោលវិញ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព័ត៌មាននេះ ត្រូវបានបែកធ្លាយជាសាធារណៈ។

​ទោះជាយ៉ាងណាក៏ដោយ កេរ្តិ៍ឈ្មោះរបស់ប្រធាន FIFA រូបនេះបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ខណៈដែលតំណាងមកពីទ្វីបអឺរ៉ុប និងអាមេរិកខាងជើង បានទាមទារឱ្យមានការបើកចំហឯកសារទាំងអស់ ដែលពាក់ព័ន្ធនឹងការចរចាដ៏បរាជ័យនោះ។

លោកស្រី Debbie Hewitt ប្រធានសមាគមបាល់ទាត់អង់គ្លេស (FA) និងជាអនុប្រធាន FIFA ផងដែរនោះ គឺជាអ្នករិះគន់ដ៏លេចធ្លោម្នាក់ ដោយលោកស្រី បានសម្តែងការខកចិត្តយ៉ាងខ្លាំង ដែលក្រុមប្រឹក្សានៅតែមិនត្រូវ បានផ្តល់ព័ត៌មានលម្អិតជាក់លាក់អំពីកិច្ចព្រមព្រៀងនោះដដែល។

​នៅក្នុងកិច្ចប្រជុំដែលត្រូវបានពិពណ៌នាថាជាការប្រឈមមុខដាក់គ្នាដោយ «ឥតលាក់លៀម» លោក Infantino បានទទួលស្គាល់កំហុស និងសម្តែងការសោកស្តាយ ដែលលោកមិនបានពិគ្រោះយោបល់ជាមួយក្រុមប្រឹក្សាភិបាលជាមុន មុនពេលទាក់ទងជាមួយក្រុមហិរញ្ញវត្ថុខាងក្រៅ។ លោកស្រី Hewitt បានកត់សម្គាល់ពីការសុំទោសនេះ ប៉ុន្តែបានសង្កត់ធ្ងន់ថា វានៅមិនទាន់គ្រប់គ្រាន់ក្នុងការស្តារទំនុកចិត្តឡើងវិញនោះទេ ព្រោះការដែលប្រធាន FIFA បដិសេធមិនឆ្លើយតបចំៗ ទៅនឹងសំណួរទាក់ទងនឹងឯកសារ FFE បានបង្កឱ្យមានការសង្ស័យ និងការព្រួយបារម្ភយ៉ាងខ្លាំង លើភាពជាអ្នកដឹកនាំរបស់លោក។

​ប្រធានសមាគមបាល់ទាត់អង់គ្លេសរូបនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ស្ថានការណ៍បានឈានដល់ចំណុចរបត់ដ៏តានតឹងមួយ ហើយប្រសិនបើព័ត៌មាន ចាំបាច់មិនត្រូវបានផ្តល់ឱ្យជាបន្ទាន់ទេនោះ លោក Infantino មិនគួរកាន់កាប់តំណែងកំពូល នៃពិភពបាល់ទាត់នេះតទៅទៀតឡើយ។ លោកស្រីបានប្រាប់ BBC Sport ថា៖ «ខ្ញុំគិតថា គាត់ត្រូវតែឆ្លើយសំណួរ ទាំងនោះ ហើយប្រសិនបើគាត់មិនឆ្លើយសំណួរទាំងនោះនៅពេលនេះទេ គាត់មិនស័ក្តិសមធ្វើជាប្រធាន FIFA ឡើយ»។

ប្រែសម្រួល៖ គីរី

Most Popular

To Top