កីឡា

Harry Maguire បញ្ជាក់ពីការរក្សាភាពសាមគ្គីក្នុងក្រុម ក្រោយការរិះគន់របស់លោក Lisandro Martínez

​បរទេស៖ ខ្សែការពារ Harry Maguire បានអះអាងយ៉ាងច្បាស់ថា ក្រុមកីឡាករនៃក្លិបបិសាចក្រហម Manchester United បានបំភ្លេចចោល និងបញ្ចប់ការខ្វាយ ខ្វល់រួចរាល់ហើយ នូវបញ្ហាចម្រូងចម្រាសពាក់ព័ន្ធនឹងការបញ្ចេញ កំហឹងរបស់ខ្សែការពារ Lisandro Martínez កាលពីពេលថ្មីៗនេះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។

​បញ្ហានេះបានកើតឡើងបន្ទាប់ពីខ្សែការពារសញ្ជាតិ អាហ្សង់ទីនរូបនេះ បានប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗរិះគន់ ទៅលើនាយកផ្នែកកីឡាបាល់ទាត់លោក Jason Wilcox ក្រោយពេល United ទទួលបរាជ័យក្រោមថ្វីជើងក្រុម Atletico Madrid ក្នុងក្របខ័ណ្ឌ Champions League ដោយរូបគេបានចោទសួរពីមហិច្ឆតានៃការទិញ ដូរក្រុមកីឡាករនារដូវក្តៅកន្លងទៅ។ ទោះជាយ៉ាងណាក្តី ក្រោយមកកីឡាកររូបនេះបានចេញមុខសុំទោសជាផ្លូវការរួចរាល់ហើយ។

​Martínez បានវិលត្រឡប់មកចូលរួមប្រកួតវិញ ក្នុងជំនួបដែល United ស្មើ ១-១ ជាមួយ Leeds United កាលពីថ្ងៃអាទិត្យ ទោះបីជារូបគេត្រូវបានប្តូរចេញនៅតង់ទីពីរក៏ដោយ។
​ថ្លែងប្រាប់សារព័ត៌មាន Sky Sports ក្រោយការប្រកួតទល់នឹង Leeds លោក Maguire បានបញ្ជាក់ថា៖ “ជាការពិតណាស់ តែងតែមានពាក្យចចាមអារ៉ាមច្រើនជុំវិញក្លិប ពិសេសក្នុងសប្តាហ៍កន្លងទៅនេះ។ ប៉ុន្តែ Lisandro បានចេញមុខសុំទោស ហើយពួកយើងក៏បានឈានទៅមុខបន្តទៀត (បោះបង់រឿងនោះចោល)។ គាត់បានលេងយ៉ាងល្អក្នុងវគ្គទីមួយ ហើយពួកយើងសង្ឃឹមថាគាត់មិនមានរបួសធ្ងន់ធ្ងរ ដើម្បីអាចត្រឡប់មកជួយក្រុមវិញបាន។”

​ទន្ទឹមនឹងនេះ អ្នកចាត់ការក្រុមលោក Michael Carrick ក៏ធ្លាប់បានលើកឡើងផងដែរថា ការបញ្ចេញកំហឹងរបស់ Martínez គឺ “ពិតជាមិនមែនជារឿងធំដុំសម្រាប់ក្រុមនោះទេ។”

​នៅពេលសួរថាតើស្មារតីសាមគ្គីភាពក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់រងផលប៉ះពាល់ដោយសារការរិះគន់របស់មិត្តរួមក្រុមឬទេ Maguire បានឆ្លើយតបថា៖ “នៅពេលអ្នកលេងឱ្យក្លិបនេះ ស្មារតីរបស់អ្នកតែងតែត្រូវបានសាកល្បង ពិសេសនៅពេលដែលអ្នកមិនសូវទទួលបានជ័យជម្នះ។ ពួកយើងលេងមិនបានល្អទាល់តែសោះ បើប្រៀបធៀបនឹងចំនួនជ័យជម្នះដែលយើងធ្វើបានកាលពីរដូវកាលមុន។”

​ខ្សែការពាររូបនេះបានបន្ថែមទៀតថា៖ “ពួកយើងត្រូវបានគេសាកល្បងរៀងរាល់សប្តាហ៍ ហើយកីឡាករទាំងអស់ត្រូវតែស៊ាំនឹងរឿងនេះ ដោយត្រូវស្វែងរកកម្លាំងចិត្តពីខាងក្នុងដើម្បីជួយក្រុម។ ពួកយើងនឹងបន្តរួមសាមគ្គីគ្នា ហើយត្រៀមខ្លួនសម្រាប់ការប្រកួតដ៏សំខាន់មួយទៀតនៅថ្ងៃពុធខាងមុខ។”

​គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Manchester United រកបានត្រឹមតែ ៧ពិន្ទុប៉ុណ្ណោះ ពីការប្រកួត ៧លើកដំបូងក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះ ដែលស្ថានភាពនេះបានរុញច្រានឱ្យអ្នកចាត់ការ Michael Carrick ទទួលស្គាល់ការពិតថា ស្ថានការណ៍បច្ចុប្បន្ន “មើលទៅហាក់មិនសូវល្អនោះទេ”៕

ប្រែសម្រួល៖ គីរី

Most Popular

To Top