កីឡា

Cristiano Ronaldo រងពិន័យជាប្រាក់ ២៥៥អឺរ៉ូ និងព្យួរជើង ៣០ថ្ងៃ ក្រោយដើរចេញពីក្រុមជម្រើសជាតិព័រទុយហ្គាល់

បរទេស៖ សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) សម្រេចពិន័យប្រាក់ និងព្យួរជើង Cristiano Ronaldo រយៈពេល ៣០ថ្ងៃ ក្រោយកីឡាកររូបនេះចាកចេញពីជំរុំហ្វឹកហាត់អំឡុងពានរង្វាន់ UEFA Nations League នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ។

ការដើរចេញនេះកើតឡើងបន្ទាប់ពីខ្សែប្រយុទ្ធវ័យ ៤១ឆ្នាំរូបនេះ មានជម្លោះជាមួយគ្រូបង្វឹកលោក Jorge Jesus ដែលបានទុកលោកឱ្យអង្គុយនៅកៅអីបម្រុងពេញមួយការប្រកួតទល់នឹងក្រុមន័រវែស។

ទោះបីជារងការពិន័យ Ronaldo ត្រូវបានរំពឹងថានឹងអាចចូលរួមជួយក្រុមជម្រើសជាតិវិញ សម្រាប់ការប្រកួតទល់នឹងដាណឺម៉ាក និងវែលស៍ នាខែវិច្ឆិកាខាងមុខ។
​
​ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្គាល់ (FPF) ផាកពិន័យជាប្រាក់ចំនួន ២៥៥អឺរ៉ូ (ប្រមាណ ២៨៥,៩០ដុល្លារ) និងដាក់ទណ្ឌកម្មព្យួរជើងចំនួន ៣០ថ្ងៃ បន្ទាប់ពីកីឡាកររូបនេះបានដើរចេញពីក្រុមជម្រើសជាតិ កាលពីយុទ្ធនាការ UEFA Nations League កាលពីខែមុន។

​កីឡាករវ័យ ៤១ឆ្នាំរូបនេះ បានសម្រេចចិត្តចាកចេញពីក្រុមមុនការប្រកួតរវាងព័រទុយហ្គាល់ ទល់នឹងដាណឺម៉ាក ក្រោយមានជម្លោះជាមួយគ្រូបង្វឹកលោក Jorge Jesus។ Ronaldo បានចោទប្រកាន់លោក Jesus ថាបានបំពានសន្យាជុំវិញនាទីនៃការលេងរបស់ខ្លួន បន្ទាប់ពីលោកមិនត្រូវបានប្តូរឱ្យចូលលេងសោះ ក្នុងការប្រកួតទល់នឹងក្រុមន័រវែស។

​យោងតាមសហព័ន្ធ FPF ចំនួនប្រាក់ពិន័យនេះគឺជាកម្រិតអតិបរមាដែលសហព័ន្ធអាចអនុវត្តបាន បន្ទាប់ពីបានពិចារណាលើស្ថានសម្រាលនានា។ សហព័ន្ធបានបញ្ជាក់ថា ការសារភាពកំហុសដោយត្រង់ និងប្រវត្តិវិន័យដ៏ល្អរបស់អតីតខ្សែប្រយុទ្ធ Manchester United និង Real Madrid រូបនេះ បានជួយកាត់បន្ថយកម្រិតនៃទណ្ឌកម្មឱ្យនៅទាប។

​ក្រោយចាកចេញពីក្រុម Ronaldo បានចេញសេចក្តីថ្លែងការណ៍មួយដោយរៀបរាប់លម្អិតពីជម្លោះនេះ និងចោទប្រកាន់គ្រូបង្វឹកថា “មិនគោរពពាក្យសម្តី”។ លោកបានបញ្ជាក់ថា៖ “អ្វីដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលបំផុតនោះគឺ គ្រូបង្វឹកបានសួរខ្ញុំថា តើខ្ញុំត្រៀមខ្លួនរួចរាល់ឬនៅក្នុងការលេង ៣០នាទី [ទល់នឹងន័រវែស]។ ខ្ញុំកំពុងតែផ្តោតលើការស្តារកាយសម្បទា… ខ្ញុំគិតថាខ្ញុំនឹងមិនលេងទេនៅថ្ងៃនោះ ដែលខ្ញុំមិនមានបញ្ហាអ្វីជាមួយរឿងនេះទេ។”

​Ronaldo បានបន្តថា “សំណើនេះគឺក្រៅពីផែនការស្តារកាយសម្បទា និងការហ្វឹកហាត់របស់ខ្ញុំ ដោយសារខ្ញុំត្រូវបានកំណត់ឱ្យលេងតែនៅថ្ងៃទី៤ ខែតុលា នៅកីឡដ្ឋាន Dragão ប៉ុណ្ណោះ ប៉ុន្តែជាការពិតណាស់ ខ្ញុំបានយល់ព្រម។ គាត់ប្រាប់ខ្ញុំឱ្យត្រៀមខ្លួន… អ្នកគ្រប់គ្នាបានដឹងពីអ្វីដែលបានកើតឡើងបន្ទាប់ពីនោះ។ ខ្ញុំបានកម្តៅសាច់ដុំតាំងពីម៉ោងសម្រាកតង់ ឈរមើលពេលវេលាកន្លងផុតទៅ ប៉ុន្តែមិនត្រូវបានគេហៅឱ្យចូលលេងនោះទេ។”

​ទោះជាយ៉ាងណា Ronaldo បានបញ្ជាក់ថាលោកនឹងទទួលយកទណ្ឌកម្មរបស់ FPF ហើយនៅតែមានបំណងចង់លេងឱ្យក្រុមជម្រើសជាតិបន្តទៀត។ បច្ចុប្បន្ន ព័រទុយហ្គាល់នៅសល់ការប្រកួត Nations League ចំនួន ២ ទៀតទល់នឹងដាណឺម៉ាក និងវែលស៍ ក្នុងខែវិច្ឆិកា ដែល Ronaldo នឹងមានសិទ្ធិចូលរួមការប្រកួតទាំងនេះ។

​លោក Pedro Proença ប្រធានសហព័ន្ធ FPF បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ប្រធានក្រុមរូបនេះនឹង ដោះស្រាយជម្លោះជាមួយលោក Jesus ហើយត្រលប់មកវិញ។ លោកបានបញ្ជាក់ថា៖ “យើងកំពុងស្ថិតនៅក្នុងផ្ទះរបស់ទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតដែលបាល់ទាត់ព័រទុយហ្គាល់ធ្លាប់បង្កើតមក នោះគឺ Cristiano Ronaldo។ គាត់គឺជាចំណែកដ៏សំខាន់មួយរបស់យើង។”

​គួរកត់សម្គាល់ផងដែរថា យោងតាមទស្សនាវដ្តី Forbes លោក Cristiano Ronaldo គឺជាអត្តពលិក ដែលទទួលបានប្រាក់ឈ្នួលខ្ពស់ជាងគេបំផុត លើពិភពលោក ដោយរកចំណូលបានប្រមាណ ៣០០លានដុល្លារ កាលពីឆ្នាំកន្លងទៅ។

ប្រែសម្រួល៖ គីរី

Most Popular

To Top