បរទេស៖ ទីក្រុងប៉ារីស (បារាំង)៖ ទោះបីជាទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់ក្នុងលទ្ធផល ៤-២ ទៅលើក្រុមអ្នកមានបុណ្យ Barcelona ក្នុងការប្រកួតពានរង្វាន់ UEFA Champions League កាលពីពេលថ្មីៗនេះក្តី ក្លឹបអ្នកមានបារាំង Paris Saint-Germain (PSG) កំពុងប្រឈមមុខនឹងវិបត្តិរបួសកីឡាករយ៉ាងធ្ងន់ធ្ងរ។ លោក Luis Enrique ដែលជាអ្នកចាត់ការទូទៅ កំពុងជួបការលំបាកយ៉ាងខ្លាំង ក្នុងការរៀបចំក្រុម ដោយសារកីឡាករស្នូលសំខាន់ៗ ដល់ទៅ ៣ រូប ត្រូវសម្រាកព្យាបាលក្នុងពេលតែមួយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន GOAL ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ។
បញ្ហាគួរឱ្យព្រួយបារម្ភជាងគេទីមួយ គឺការបាត់បង់ខ្សែប្រយុទ្ធស្លាប Ousmane Dembele ដែលត្រូវបានបង្ខំចិត្តប្តូរចេញតាំងពីនាទីទី១៩ នៃការប្រកួត បន្ទាប់ពីមានអាការៈឈឺចាប់ត្រង់ជើងឆ្វេង។ របាយការណ៍វេជ្ជសាស្ត្របឋមបានបង្ហាញថា រូបគេនឹងត្រូវសម្រាកព្យាបាលពី ៣ ទៅ ៤ សប្តាហ៍ ដែលអាចធ្វើឱ្យខកខានការប្រកួតសំខាន់ៗទាំងនៅក្លឹប និងការកោះហៅចូលជម្រើសជាតិបារាំង។ ស្របពេលជាមួយគ្នានេះ ប្រធានក្រុម Marquinhos ក៏បានរងរបួសសាច់ដុំភ្លៅខាងស្តាំផងដែរ ដោយក្លឹបបានបញ្ជាក់ថា ខ្សែការពាររូបនេះនឹងត្រូវអវត្តមានពីរបីសប្តាហ៍ ដែលបន្សល់ទុកនូវចន្លោះប្រហោង និងកង្វះអ្នកដឹកនាំនៅលើទីលាន។
យ៉ាងណាមិញ ព័ត៌មានដ៏អាក្រក់បំផុតប្រចាំការប្រកួតនេះ គឺការរបួសរបស់ខ្សែប្រយុទ្ធឆ្នើម Khvicha Kvaratskhelia។ កីឡាករអន្តរជាតិហ្សកហ្ស៊ីរូបនេះ បានរងរបួសដាច់សរសៃពួរជង្គង់ខាងស្តាំ (ACL) យ៉ាងធ្ងន់ធ្ងរ ក្រោយការប៉ះទង្គិចគ្នានៅនាទីទី៥៩។ យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការរបស់ក្លឹប PSG កីឡាកររូបនេះនឹងត្រូវទទួលការវះកាត់ក្នុងពេលឆាប់ៗនេះ។ ជាទូទៅ របួសប្រភេទនេះទាមទារពេលវេលាស្តារនីតិសម្បទាយ៉ាងហោចណាស់ ៩ ខែ ដែលមានន័យថា Kvaratskhelia ត្រូវលាគ្នាមុនកំណត់ និងមិនអាចចូលលេងបានទៀតទេសម្រាប់រដូវកាល ២០២៦-២០២៧ ទាំងមូល។ សាមីខ្លួនក៏បានបង្ហោះសារបង្ហាញពីក្តីខកចិត្តយ៉ាងខ្លាំង និងការប៉ះទង្គិចផ្លូវចិត្តនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនផងដែរ។
ការបាត់បង់កីឡាករសំខាន់ៗទាំង ៣ រូបនេះ ត្រូវបានចាត់ទុកជាឧបសគ្គដ៏ធំធេងមួយ សម្រាប់ក្រុមម្ចាស់ជើងឯកបារាំងមួយនេះ ក្នុងការព្យាយាមរក្សាកំណត់ត្រាល្អ និងប្រជែងយកពានរង្វាន់ទាំងនៅក្នុងក្របខ័ណ្ឌក្នុងស្រុក Ligue 1 និងយុទ្ធនាការអឺរ៉ុប ខណៈដែលកម្មវិធីប្រកួតដ៏មមាញឹកជាច្រើនកំពុងរង់ចាំពួកគេនៅខាងមុខ។
ប្រែសម្រួល៖ គីរី
