ភ្នំពេញ៖កីឡាករវាយកូនឃ្លីលើតុ សាក់ សម្បត្តិ និងកីឡាករវាយកូនឃ្លីលើតុ សឹង តុលា បានក្លាយជាម្ចាស់ជើងឯក
ការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់ PS GREENLINK CUP លើកទី១ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅក្លិបកីឡាវាយកូនឃ្លីលើតុ ហាវៃក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកម្ពុជា ដោយការប្រកួតនេះរៀបចំដោយក្លិបកីឡាវាយកូនឃ្លីលើតុ ហាវៃសហការជាមួយសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ក្រោមការឧបត្ថម្ភ PS GREENLINK ។

ក្នុងឱកាសបើកការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់នេះដោយមានការអញ្ជើញចូលរួមពីសំណាក់លោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាកីឡា វាយកូនឃ្លីលើតុកម្ពុជា តំណាងឲ្យ លោក គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លោក តាំង ពិសីដ្ឋ អគ្គនាយកក្រុមហ៊ុន PS GreenLink និង កីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុចំនួន ៦៤ រូប។
កីឡាករវាយកូនឃ្លីលើតុ សាក់ សម្បត្តិ និងកីឡាករវាយកូនឃ្លីលើតុ សឹង តុលា បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីបានយកឈ្នះលើកីឡាករវាយកូនឃ្លីលើតុ ឃុន ផាន់និត និងកីឡាករវាយកូនឃ្លីលើតុ ហ៊ឹម ស៊ីវុត្ថា ក្នុងលទ្ធផល ៣ សិតទល់នឹង១ នៅវគ្គផ្តាច់ព្រ័ត្រ ដូច្នេះកីឡាករវាយកូនឃ្លីលើតុ ឃុន ផាន់និត និងកីឡាករវាយកូនឃ្លីលើតុ ហ៊ឹម ស៊ីវុត្ថា បានត្រឹមជើងឯករង ចំណែកកីឡាករវាយកូនឃ្លីលើតុ អៀ យ៉េកឃៀង និងកីឡាករវាយកូនឃ្លីលើតុ សុខ វុទ្ធី ទទួលបានចំណាត់ថ្នាក់លេខ ៣ ។
លោក បេងហុង សុជាតិសិលា អនុប្រធានសហព័ន្ធកីឡាកីឡា វាយកូនឃ្លីលើតុកម្ពុជា បានប្រាប់ឲ្យដឹងថា ការប្រកួតកីឡាវាយកូនឃ្លីលើតុ ពានរង្វាន់ PS GREENLINK CUP នៅក្លិបប៉េងប៉ុងហាវ៉ៃអូឡាំពិក រៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីកីឡា បង្កើតឱកាសសម្រាប់កីឡាករវា័យចាស់ និងយុវជនក្នុងការបង្ហាញសមត្ថភាព និង សក្តានុពលរបស់ខ្លួន ព្រមទាំងផ្លាស់ ប្តូរបទពិសោធន៍ បច្ចេកទេសដើម្បីអភិវឌ្ឍ ខ្លួនឲ្យកាន់តែខ្លាំងក្លា។ ការចូលរួមរបស់កីឡាករ-កីឡាការិនីទាំងអស់នាឱកាសនេះ បានបង្ហាញយ៉ាងច្បាស់ពីក្តីស្រឡាញ់ ភាព ក្លាហាន និងឆន្ទៈមោះមុតចំពោះវិស័យកីឡាវាយកូនឃ្លីលើតុ ហើយថែមទាំងជាការរួមចំណែកជំរុញទឹកចិត្ត កីឡាករ កីឡាការិនីផ្សេងទៀតឲ្យខិតខំប្រឹងប្រែងហ្វឹកហាត់ បង្កើនសមត្ថភាព និងអភិវឌ្ឍសមត្ថភាពរបស់ខ្លួន។
អនុប្រធានសហព័ន្ធកីឡាកីឡា វាយកូនឃ្លីលើតុកម្ពុជា បានបន្តថា ការប្រកួតខាងលើនេះដំណើរទៅបានដោយមានការឧបត្ថម្ភក្រុមហ៊ុន PS GreenLink គឺជាអាជីវកម្មដែលផ្តោតលើការនាំចូល និងផ្គត់ផ្គង់សម្ភារអគ្គិសនី ព្រមទាំងការផ្គត់ផ្គង់សម្ភារសម្រាប់គម្រោងសំណង់នៅ កម្ពុជា ដោយមានទិសដៅពង្រីកសេវាកម្មទៅកាន់ដំណោះស្រាយប្រព័ន្ធ MEP (Mechanical, Electrical & Plumbing)។ ដៃគូក្រុមហ៊ុនឯកជនជាដៃគូដ៏សំខាន់ក្នុងការអភឌ្ឍន៍វិស័យក្នុងប្រទេសកម្ពុជា ជាពិសេសប្រភេទកីឡាវាយកូនឃ្លីលើតុដែលជាប្រភេទកីឡាអូឡាំពិក៕

ដោយ៖លី ភីលីព







