ព័ត៌មានអន្តរជាតិ

ចិន ប្រកាសត្រៀមខ្លួនធ្វើការជាមួយរុស្ស៊ី ដើម្បីការពារលទ្ធផលនៃសង្គ្រាមលោកលើកទី ២

ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថាលោកបានត្រៀមខ្លួនធ្វើការជាមួយសមភាគីរុស្ស៊ីរបស់លោកគឺលោក វ្ល៉ាឌីមៀ ពូទីន ដើម្បីចូលរួមកិច្ចខិតខំប្រឹងប្រែងជាមួយសហគមន៍អន្តរជាតិ ដើម្បីការពារយ៉ាងរឹងមាំនូវជ័យជំនះនៃសង្គ្រាមលោកលើកទី ២ (WWII) ក៏ដូចជាយុត្តិធម៌អន្តរជាតិ។

នៅក្នុងការផ្លាស់ប្តូរសារជាមួយលោកពូទីន ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការទទួលបានជ័យជំនះនៃសង្គ្រាមលោកលើកទី ២ លោកស៊ីបានរំលឹកថានៅថ្ងៃដដែលកាលពី ៧៥ ឆ្នាំមុនជ័យជំនះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមរបស់សហភាពសូវៀតប្រឆាំងនឹងជប៉ុន បានកត់សម្គាល់នូវជ័យជំនះចុងក្រោយនៃសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក។

នៅក្នុងសង្គ្រាមនោះដែលបានរាលដាលពាសពេញទ្វីបអាស៊ី អឺរ៉ុប ទ្វីបអាហ្រ្វិក និងអូសេអានី កងទ័ព និងជនស៊ីវិលជាង ១០០ លាននាក់នៅក្នុងប្រទេសទាំងអស់បានរងរបួស ឬត្រូវបានសម្លាប់ ដោយក្លាយជាការឈឺចាប់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។

ប្រទេសចិន និងរុស្ស៊ីរៀងៗខ្លួន គឺជាសមរភូមិសំខាន់នៅអាស៊ី និងអឺរ៉ុប បានស៊ូទ្រាំនឹងការលះបង់ដ៏ធំធេងរបស់ជាតិ និងបានចូលរួមវិភាគទានជាប្រវត្តិសាស្ត្រ សម្រាប់ជ័យជំនះនៃសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក៕ ដោយ ឈូក បូរ៉ា

Most Popular

To Top