បរទេស ៖ វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនគោរពការសម្រេច ចិត្តរបស់ប្រទេសស៊ែប៊ី ដកខ្លួនចេញពីការចូលរួម ក្នុងសហសមយុទ្ធយោធា ជាមួយកងកម្លាំងរុស្ស៊ី និងបេឡារុស ដែលនឹងត្រូវប្រារព្ធធ្វើឡើង ក្នុងប្រទេសបេឡារុស ដែលកំពុងមានបាតុកម្មតវ៉ា នៅចុងខែនេះ។
ប្រទេសស៊ែប៊ី នៅថ្ងៃពុធសប្ដាហ៍នេះ បានផ្អាកមិនចូលរួមក្នុង សមយុទ្ធយោធាជាមួយកងទ័ពបរទេសនោះសម្រាប់ រយៈពេល៦ខែ ក្រោយមានអ្វីដែលរដ្ឋាភិបាលចាត់ទុកថា ជាសម្ពាធដ៏ធំសម្បើម ពីសហភាពអឺរ៉ុបជុំវិញបញ្ហាបេឡារុស ។ ប្រទេសស៊ែប៊ី គឺជាបេក្ខភាពមួយ នៃភាពជាសមាជិក របស់សហភាពអឺរ៉ុប។
គួរបញ្ជាក់ថា បាតុកម្មតវ៉ា បានធ្វើឲ្យកក្រើកប្រទេសបេឡារុស ចាប់តាំងពីមានការបោះឆ្នោតជ្រើសរើសប្រធានាធិបតីកាលពីថ្ងៃទី០៩ ខែសីហាមក។ អ្នកនយោបាយប្រឆាំងរបស់បេឡារុស លោកស្រី Maria Kolesnikova បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរបានគម្រាមសម្លាប់លោកស្រី ព្រោះតែពួកគេមានបំណងនិរទេសលោកស្រី នៅដើមសប្ដាហ៍នេះ៕
ប្រែសម្រួល៖ប៉ាង កុង