អូស្ត្រាលី ៖ ក្រុមតារាវិទូអូស្ត្រាលីនិយាយថា ពួកគេមិនបានរកឃើញសញ្ញាបច្ចេកវិទ្យា នៃជីវិតមនុស្សក្រៅភព នៅក្នុងការសិក្សាអំពីប្រព័ន្ធផ្កាយជាង ១០ លាននោះទេ ទោះបីក្រុមអ្នកស្រាវជ្រាវ ខិតខំប្រើប្រាស់កែវយឹត វិទ្យុសកម្ម ក៏ដោយនេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល។
ក្រុមអ្នកស្រាវជ្រាវ ដែលមានមូលដ្ឋាន នៅទីក្រុង Perth បានប្រើកែវយឹតវិទ្យុ Murchison Widefield Array (MWA) នៅខាងក្រៅនៃខាងលិចអូស្រ្តាលី សម្រាប់គម្រោងមួយត្រូវបានគេហៅថា “ ស្វែងរកET “។ MWA ស្វែងរកការបំភាយវិទ្យុ ដែលមានអនុភាព នៅប្រេកង់ទាបស្រដៀងនឹងប្រេកង់វិទ្យុ FM នៅលើផែនដីអនុញ្ញាត ឲ្យចាក់ផ្សាយវិទ្យុ។
ការបំភាយទាំងនេះ ចេញពីអវកាសដែលគេស្គាល់ថា ជាចង្វាក់បច្ចេកទេសអាចបង្ហាញពីវត្តមាន របស់មនុស្សក្រៅភពឆ្លាតវៃជាមួយ នឹងការច្នៃប្រឌិតបច្ចេកវិទ្យាស្រដៀងនឹងរបស់យើង។ ក្រុមនេះបានបំពេញ ការស្វែងរកយ៉ាងជ្រាលជ្រៅ និងទូលំទូលាយបំផុត នៃបណ្តុំលើមេឃត្រូវបានគេដឹងថា រាប់បញ្ចូលទាំងផ្កាយយ៉ាង ហោចណាស់ ១០ លាននៅភាគខាងត្បូងនៃក្រុមផ្កាយ Vela ។
ប៉ុន្តែក្រុមអ្នកស្រាវជ្រាវ បានសន្និដ្ឋានថា នៅក្នុងផ្នែកនៃសាកលលោកអរិយធម៌ដទៃទៀតគឺពិបាករកណាស់ ប្រសិនបើវាមានទាល់តែសោះ។ លោកវេជ្ជបណ្ឌិត Chenoa Tremblay នៅអង្គការស្រាវជ្រាវ វិទ្យាសាស្ត្រ និងឧស្សាហកម្ម Commonwealth (CSIRO) ក្នុងប្រទេសអូស្ត្រាលី បានមានប្រសាសន៍ថា MWA គឺជាកែវយឺតដ៏ប្លែកមួយ ដែលមានទេសភាពធំទូលាយអនុញ្ញាត ឲ្យយើងសង្កេតមើលផ្កាយ រាប់លានក្នុងពេលដំណាលគ្នា ៕ដោយ៖លី ភីលីព