បរទេស ៖ ទីភ្នាក់ងារសារព័ត៌មាន RIA បានដកស្រង់សម្តីក្រសួងការពារជាតិ របស់ប្រទេសរុស្ស៊ី ដែលនិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា ប្រទេសរុស្ស៊ី នឹងបញ្ជូនកងទ័ពពីអង្គភាព កងទ័ពឆ័ត្រយោង Pskov ទៅកាន់ប្រទេសបេឡារុស ដើម្បីចូលរួម សហសមយុទ្ធយោធា ដែលចាប់ផ្តើមនៅថ្ងៃចន្ទនេះ។
ក្រសួងការពារជាតិ របស់រុស្ស៊ីបាននិយាយថា សហសមយុទ្ធយោធា “Slavic brotherhood” នោះ នឹងគ្រោងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៥ ខែកញ្ញា ហើយក្រសួងបាន និយាយបន្ថែមទៀតថា កងទ័ពឆ័ត្រយោងរុស្ស៊ី នឹងវិលត្រឡប់មកប្រទេសរុស្ស៊ីវិញ នៅពេលដែលសមយុទ្ធ ទាំងនោះចប់សព្វគ្រប់។
គួរបញ្ជាក់ថា សមយុទ្ធយោធានេះ គឺត្រូវបានធ្វើឡើង ស្របពេលមានភាពតានតឹង ក្នុងប្រទេសបេឡារុស ដោយសារតែលោកប្រធានាធិបតីបេឡារុស Alexander Lukashenko ប្រឈមមុខនឹងការផ្ទុះកំហឹង សាធារណរដ្ឋជន ជុំវិញការបោះឆ្នោតកាលពីខែមុន ដែលក្រុមប្រឆាំង របស់លោកនិយាយថា មានការក្លែងបន្លំ ហើយការតវ៉ាបានតេស្តសាកល្បងភាពស្មោះត្រង់របស់កងកម្លាំងសន្តិសុខរបស់លោក ៕
ប្រែសម្រួល៖ប៉ាង កុង