YouTube បានឲ្យដឹងថាខ្លួនបាននាំយកអ្នកត្រួតពិនិត្យជាមនុស្សពិត ដែលបានផ្អាកពីការងារអំឡុងពេលផ្ទុះជំងឺកូវីដ១៩ ត្រឡប់មកបម្រើការងារដើមវិញ បន្ទាប់ពី AI របស់ YouTube ធ្វើការលើសពីធម្មតា។
កាលពីខែមីនា YouTube បាននិយាយថាខ្លួនបានពឹងផ្អែកកាន់តែច្រើនលើប្រព័ន្ធ AI ដើម្បីដាក់កំណត់សម្គាល់ និងលុបវីដេអូណាដែលល្មើសនឹងគោលការណ៍របស់ YouTube ក្នុងនោះមានដូចជាការផ្សាយព័ត៌មានមិនពិត និងការរើសអើងជាដើម។ ប៉ុន្តែ YouTube បានប្រាប់សារព័ត៌មាន Financial Times នាសប្ដាហ៍នេះថា ការប្រើប្រាស់ប្រព័ន្ធច្រើនពេក បានធ្វើឲ្យចំនួនវីដេអូដែលត្រូវដកចេញមានការកើនឡើងខុសពីធម្មតា និងមានការដកចេញទាំងដែលវីដេអូមិនមានខុសគោលការណ៍ផងដែរ។
នៅចន្លោះខែមេសា និងខែមិថុនា មានវីដេអូប្រមាណ ១១លានវីដេអូ ត្រូវបានលុបចេញពី YouTube ដែលមានការកើនឡើងទ្វេដងធៀបនឹងកម្រិតធម្មតា។ ក្នុងចំណោមវីដេអូទាំងនោះ មានប្រមាណ ៣២ម៉ឺនវីដេអូ ត្រូវបានម្ចាស់វីដេអូដាក់ពាក្យស្នើសុំឲ្យពិនិត្យឡើងវិញ ដោយក្នុងនោះមានចំនួនពាក់កណ្ដាលដែលបានវិលត្រឡប់មកដូចដើមវិញ។ Financial Times និយាយថា តួលេខនេះគឺច្រើនជាងកម្រិតធម្មតាទ្វេដងដូចគ្នា ដែលជាសញ្ញាបង្ហាញថាប្រព័ន្ធ AI ធ្វើការលើសក្នុងការចាប់វីដេអូដែលល្មើសគោលការណ៍៕
ដោយ ៖ sabay