ភ្នំពេញ ៖ កីឡាករ-កីឡាការិនី៩០នាក់ ចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ និងអបអរសាទរ ពិធីសម្ពោធដាក់ឲ្យប្រើ សប្រាស់ជាផ្លូវការ នូវអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០រៀបចំឡើង ដោយសហព័ន្ធខ្មែរកីឡាហែលទឹក នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ។
ក្នុងឳកាសការប្រកួតថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការអញ្ជើញទស្សនា និងវេទិកាត្រៀមបើកសម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការ នូវអាងហែលទឹក នៃពហុកីឡដ្ឋានជាតិ ពីសំណាក់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ កីឡាហែលទឹក សមាជិកប្រតិបត្តិសហព័ន្ធ ។
សម្រាប់ប្រភេទកីឡាហែលទឹក កម្រិតអាយុដែលអាចចូលរួម ប្រកួតបានគឺមាន ៖ ផ្នែកបុរសសម្រាប់កីឡាករ ត្រូវមានអាយុចាប់ពី១២ឆ្នាំឡើងទៅ ចំណែកផ្នែកនារី៖ កីឡាការិនី ត្រូវមានអាយុចាប់ពី ១០ឆ្នាំឡើងទៅ និងផ្នែកជនពិការ ៖ កីឡាករ គិតចាប់ពី (S3-S10)។ ផ្នែកបុរសលើកវិញ្ញាសាហែល សេរីចម្ងាយ៥០ម៉ែត្រ វិញ្ញាសាហែលសេរីចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលសេរីចម្ងាយ២០០ម៉ែត្រ វិញ្ញាសាហែលកង្កែប ចម្ងាយ៥០ម៉ែត្រ វិញ្ញាសាហែល កង្កែបចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលផ្ងារចម្ងាយ៥០ម៉ែត្រ ។
ចំពោះវិញ្ញាសាហែលផ្ងារចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលមេអំបៅ ចម្ងាយ៥០ម៉ែត្រ វិញ្ញាសាហែលមេអំបៅ ចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែល៤របៀប ឯកត្តជនចម្ងាយ២០០ម៉ែត្រ និងវិញ្ញាសា ហែលបណ្តាក់៤របៀបចម្ងាយ១០០x៤ម៉ែត្រ ។ ចំណែកផ្នែកនារីវិញ្ញាសាហែល សេរីចម្ងាយ៥០ម៉ែត្រ វិញ្ញាសាហែល សេរីចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែល សេរីចម្ងាយ២០០ម៉ែត្រ វិញ្ញាសាហែលកង្កែប ចម្ងាយ៥០ម៉ែត្រ វិញ្ញាសាហែលកង្កែប ចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលផ្ងារចម្ងាយ៥០ម៉ែត្រ។
ចំពោះវិញ្ញាសាហែលផ្ងារចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែលមេអំបៅ ចម្ងាយ៥០ម៉ែត្រ វិញ្ញាសាហែលមេអំបៅ ចម្ងាយ១០០ម៉ែត្រ វិញ្ញាសាហែល៤ របៀបឯកត្តជនចម្ងាយ២០០ម៉ែត្រ និងវិញ្ញាសាហែលបណ្តាក់ សេរីចម្ងាយ១០០x៤ម៉ែត្រ ។ ផ្នែកជនពិការ៖លើកវិញ្ញាសាហែលសេរីចម្ងាយ៥០ និង១០០ម៉ែត្រ (S7-S10) ។
ក្នុងឳកាសសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ ប្រភេទកីឡាបាល់ទឹក គឺរួមមានក្រុមរាជធានីភ្នំពេញ ប្រកួតជាមួយក្រុមខេត្តកំពង់ចាម។ កីឡាករ កីឡាកាវិនីម្នាក់ៗ មានសិទ្ធិអាចប្រកួតបានចំនួន ០៤ វិញ្ញាសា(វិញ្ញាសាឯកត្តជន = ៣, វិញ្ញាសាបណ្តាក់ = ១) ៕
ដោយ៖ ហ្វីលីប