លោក Ronaldo Koeman បានអះអាងថា មិនមែនជាកំហុស របស់លោកឡើយ ដែលខ្សែប្រយុទ្ធ Luis Suarez ត្រូវចាកចេញពីក្រុម FC Barcelona នោះទេ។
គ្រាន់តែបានចូលកាន់តំណែងភ្លាម អ្នកចាត់ការសញ្ជាតិហុល្លង់ បានទូរសព្ទទៅកីឡាករម្នាក់ៗ ហើយបើនរណា មិនស្ថិតក្នុងបញ្ជីត្រូវប្រើប្រាស់ទេ លោកក៏បានប្រាប់ផ្ទាល់ភ្លាមផងដែរ។ ក្នុងនោះ Suarez ក៏ត្រូវបានលោក Koeman ប្រាប់ថា មិនស្ថិតក្នុងបញ្ជីកីឡាករ ប្រើប្រាស់ដែរ បើអាចរកក្លឹបថ្មីលេងទៅ ។ មិនបានប៉ុន្មានផង ក្លឹប Barcelona ក៏បានចរចាបញ្ចប់កុងត្រារបស់គេដែលនៅសល់១ឆ្នាំនោះទៀត និងលក់ឱ្យទៅ AT Madrid ត្រឹមតម្លៃខ្លួន៦លានអឺរ៉ូប៉ុណ្ណោះ ។
រឿងរ៉ាវដែលកើតឡើងទាំងអស់នោះ លោក Koeman ថាមិនមានជាការសម្រេចចិត្ត របស់លោកឡើយ ។ អតីតកីឡាករ Barcelona រូបនេះនិយាយថា៖ “វាហាក់ដូចជាខ្ញុំក្លាយជាមនុស្សអាក្រក់ក្នុងរឿង Suarez នេះ ប៉ុន្តែវាមិនមែនជាការ សម្រេចចិត្តរបស់ខ្ញុំទេ ។ ខ្ញុំបានប្រាប់គាត់ថា បើគាត់នៅគាត់នឹងពិបាក ក្នុងការមាននាទីលេង ប៉ុន្តែគាត់នៅតែជាកីឡាករ របស់យើង។ ការសម្រេចចិត្តជាច្រើន បានកើតឡើង មុនពេលខ្ញុំមកកាន់តំណែងទៅទៀត” ៕ដោយ ៖ sabay