ព័ត៌មានអន្តរជាតិ

ឥណ្ឌា៖ ស្រ្តីវ័យ១៩ឆ្នាំម្នាក់ បានស្លាប់ ក្រោយត្រូវបុរសវណ្ណៈខ្ពង់ខ្ពស់ ៤នាក់ ចាប់រំលោភបូក

BBC៖ ស្ត្រីអាយុ ១៩ ឆ្នាំម្នាក់ បានស្លាប់បន្ទាប់ពីនាងត្រូវបានគេអះអាងថា ត្រូវបានបុរសវណ្ណៈខ្ពង់ខ្ពស់ចំនួន ០៤នាក់ ចាប់រំលោភបូក និងបានបង្កឱ្យមានកំហឹងនៅក្នុងប្រទេសឥណ្ឌា ផងដែរ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ បានឱ្យដឹងថា ស្ត្រីរងគ្រោះរូបនេះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងទីក្រុងដេលីកាលពី ២ សប្តាហ៍មុន ជាមួយនឹងរបួសធ្ងន់ធ្ងរជាច្រើន។ ការវាយប្រហារបានកើតឡើងនៅថ្ងៃទី ១៤ ខែកញ្ញា នៅភាគខាងជើងរដ្ឋ អ៊ូតារប្រាដេស ចំណែក បុរស ៤នាក់ នោះ ក៏ត្រូវបានចាប់ខ្លួន។

ដំណឹងនៃការស្លាប់របស់នាង បានជំរុញឱ្យមនុស្សជាច្រើន នៅក្នុងប្រទេសឥណ្ឌា បានប្រើបណ្តាញសង្គម និងទាមទាររកយុត្តិធម៌។

ប៉ូលីសបានប្រាប់បណ្តាញ សារព័ត៌មានក្នុងស្រុកថា បុរសទាំង ៤ នាក់ បានអូសជនរងគ្រោះទៅចម្ការមួយនៅស្រុក Hathras ដែលពួកគេបានរំលោភនាង។ នាងបានរងរបួសយ៉ាងធ្ងន់ធ្ងរ ។

បងប្រុសរបស់ក្មេងស្រីរងគ្រោះ បានបញ្ជាក់ប្រាប់មរណភាពនេះ ទៅកាន់សារព័ត៌មាន BBC ភាសាឥណ្ឌា ដោយនិយាយថា គ្មានការចាប់ខ្លួនណាមួយត្រូវបានធ្វើឡើងក្នុងរយៈពេល ១០ ថ្ងៃដំបូងឡើយ បន្ទាប់ពីហេតុការណ៍នេះ បានកើតឡើង ។ លោកបាននិយាយថា “នាងត្រូវបានទុកឱ្យស្លាប់ ។ នាងបានតស៊ូអស់មួយជីវិតអស់រយៈពេល ១៤ ថ្ងៃ” ៕

ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top