បរទេស ៖ នាវាចម្បាំងកាណាដា មួយគ្រឿង តាមសេចក្តីរាយការណ៍ បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ ហើយការធ្វើនាវាចរណ៍នេះ ដែលបានកើតមានស្រប ពេលភាពតានតឹងយោធាកើនកម្តៅខ្លាំងឡើង រវាងប្រទេសចិននិងកោះតៃវ៉ាន់នេះ គឺជារឿងមួយអាច ធ្វើឲ្យទីក្រុងប៉េកាំងខឹង ។
ក្រសួងការពារជាតិរបស់កោះតៃវ៉ាន់ បាននិយាយប្រាប់ថា នាវាចម្បាំងរបស់កាណាដានោះ បានធ្វើដំណើរពីដែនសមុទ្រចិនខាងត្បូង ចូលទៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងបានបន្តដំណើរឆ្ពោះមុខទៅទិសខាងជើង ក្រោយចាកចេញពីផ្លូវទឹកនោះ ហើយកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់បានឃ្លាំមើលនាវានោះ ក្នុងពេលវាស្ថិតនៅក្នុងច្រកសមុទ្រតៃវ៉ាន់ តែស្ថានភាពគឺមានភាពធម្មតា។
គួរបញ្ជាក់ថា ប្រទេសចិន ដែលអះអាងថាកោះតៃវ៉ាន់ ដែលកាន់លទ្ធិប្រជាធិបតេយ្យថា ជាកម្មសិទ្ធិរបស់ខ្លួននោះ នាពេលថ្មីៗនេះ បានបង្កើនសកម្មភាពយោធានៅជុំវិញកោះ ដែលរួមបញ្ចូលទាំងបញ្ជូនយន្តហោះចម្បាំង ឲ្យធ្វើហោះឆ្លងកាត់បន្ទាត់កណ្ដាលនៅច្រកសមុទ្រតៃវ៉ាន់ផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង