ភ្នំពេញ ៖ ក្នុងឳកាសបិទវគ្គបណ្តុះបណ្តាល គ្រូបង្វឹកកីឡារាំ កម្រិតជាតិល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នៅគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាដោយមានការអញ្ជើញ ចូលរួមពីសំណាក់លោកស្រី ឆៃ ច័ន្ទរិទ្ធី សូលីដា រដ្ឋលេខាធិការ ក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយស សហព័ន្ធកីឡា រាំកម្ពុជា និងលោកស្រី ញ៉ែម មរតក អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងប្រធានសហព័ន្ធកីឡារាំកម្ពុជា ក្រោមការឧបត្ថម្ភថវិកា របស់ក្រសួងអប់រំ យុវជន និងកីឡានៅសាលប្រជុំនាយកដ្ឋាន អប់រំកាយ និងកីឡា។
អ្នកស្រី ហង់ ស៊ីម៉ន អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា បាននិយាយថា វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅរយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី០៥ ដល់ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ នៅសាលប្រជុំគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ដែលដឹកនាំដោយមានគ្រូឧទ្ទេស មានចំនួន ៧រូប ក្នុងនោះមាន លោកជំទាវ ម៉ក់ វណ្ណស៊ីថា, លោកឧកញ៉ ប៉ិច បូឡែន, អ្នកគ្រូ Daniela Preap, លោកគ្រូ ស៊ូវ តុង, លោកគ្រូ Viktor Natraseniuk, អ្នកគ្រូ You Shu Jie និង លោកគ្រូ Raymon Li ។ ដោយប្រើប្រាស់ថវិកាគាំទ្រ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២០ តាមការកំណត់ជា៣មុខសញ្ញាចំណាយ គឺការងាររដ្ឋបាល២០% ការងារបណ្ដុះបណ្ដាល៣៥% និងការងារប្រកួត៤៥%។
យោងតាមរបាយការណ៍ ពីលោកគ្រូឧទ្ទេសប្រចាំវគ្គ ការសិក្សាអស់រយៈពេល០៥ថ្ងៃ ទទួលបានចំណេះដឹងជាច្រើនដើម្បីអភិឌ្ឍកម្រិត ជំនាញបច្ចេកទេសទាំងវិធីសាស្ត្រ នៃការបង្ហាត់ច្បាច់រាំ Latin Dance និងStandart Dance ក្រមសីលធម៌គ្រូបង្វឹក និងទម្លាប់ទំាង៧របស់បុគ្គលឆ្នើម ព្រមទាំងបទពិសោធន៍ជាច្រើន ។ ដោយមានការខិតខំប្រឹងប្រែងការយកចិត្តទុកដាក់ ប្រកបដោយ ភាពទទួលខុសត្រូវ យើងទទួលបាននូវលទ្ធផល រួមមាននិទ្ទេសល្អចំនួនា៥០ភាគរយ និទ្ទេសល្អបង្កួរចំនួន ៣៣ភាគរយ និងនិទ្ទេសមធ្យមចំនួន ១៧ភាគរយ ៕



