អាមេរិក ៖ ស្មាតហ្វូន iPhone របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សសហរដ្ឋអាមេរិក Apple បានកើនឡើងក្នុងទំហំ៥ ភាគរយ រៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ ២០០៧ ហើយវាអាចនឹងធំជាង ដបស្រានៅឆ្នាំ២០៤០ ប្រសិនបើនិន្នាការ នៅតែបន្តនេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
ការសិក្សាថ្មីមួយបានបង្ហាញថា ប្រសិនបើនិន្នាការនេះនៅតែបន្តដដែលនោះស្មាតហ្វូន របស់ Apple អាចនឹងមានទំហំធំជាង MacBook ក្នុងរយៈពេល ២០ ឆ្នាំខាងមុខ។ ក្រុមហ៊ុនគ្រឿងបន្លាស់ទូរស័ព្ទ Wrappz បានវិភាគការវិវឌ្ឍន៍ នៃស្មាតហ្វូន ដោយក្រុមហ៊ុន Apple, Samsung និងអ្នកផលិតកំពូល ៗ ផ្សេងទៀត។
យោងតាមការរកឃើញថា ស្មាតហ្វូនiPhone បានកើនឡើង ៥ ភាគរយជារៀងរាល់ឆ្នាំចាប់តាំងពីការបង្ហាញខ្លួន លើកដំបូងរបស់ខ្លួននៅឆ្នាំ ២០០៧ ។ ក្នុងអត្រានេះស្មាតហ្វូន ដែលមានប្រជាប្រិយបំផុត នៅលើពិភពលោកនឹងធំជាងដៃ របស់ស្ត្រីនៅឆ្នាំ ២០២១ និងធំជាងបុរសនៅឆ្នាំ ២០២៤ ហើយវានឹងមានប្រវែង ១៧,៥ អ៊ីញ ឬជិតកន្លះហ្វីតកន្លះ។
Wrappz បានបន្តថា ចាប់ពីគុណភាព កាមេរ៉ារហូតដល់ការរីកចម្រើន នៃបណ្តាញបច្ចេកវិទ្យាយើងបានឃើញស្មាតហ្វូន iPhone រួមបញ្ចូលការផ្លាស់ប្តូរមួយចំនួន ចាប់តាំងពីការដាក់លក់នៅឆ្នាំ២០០៧ ទោះយ៉ាងណាប្រហែលជាការផ្លាស់ប្តូរ គួរឲ្យកត់សម្គាល់ដែលយើងបានឃើញ គឺទំហំរបស់វាកើនឡើង។
ចំពោះស្មាតហ្វូន iPhone ដំបូងនៅឆ្នាំ ២០០៧ មានទំហំអេក្រង់ត្រឹមតែ ៣,៥ អ៊ីញស្មាតហ្វូន iPhone 12 Pro Max ត្រូវបានប្រកាសនាពេលថ្មីៗនេះ គឺមានទំហំស្ទើរតែទ្វេដងគឺ ៦,៧ អ៊ីញសរុបមកស្មើនឹង ការកើនឡើង ៩១ ភាគរយ និងកំណើនជាមធ្យម ៥ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ៕ដោយ៖លី ភីលីព