កីឡា

សហព័ន្ធកីឡា កាយសម្ព័ន្ធ ប្រកាសបើកវគ្គបណ្តុះបណ្តាល គ្រូបច្ចេកទេស កម្រិត១ នៅខេត្តកំពង់ឆ្នាំង

ភ្នំពេញ ៖ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា នឹងបើកវគ្គបណ្ដុះបណ្ដាលគ្រូ បច្ចេកទេសកម្រិត១ (Level 1 ClassP-1 and P-2) មានសិក្ខាកាមចូលរួម ចំនួន២២រូប ក្នុងនោះមាន៦រូប ជានារីនៅទីរួមខេត្តកំពង់ឆ្នាំង តាមគ្រោងទុក វគ្គនេះនឹងចាប់ផ្ដើមពីថ្ងៃទី៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រើប្រាស់ថវិកា របស់ក្រសួងអប់រំយុវជន និង កីឡា ។

លោក ណយ ផាណា ជាអគ្គលេខាធិការ របស់សហព័ន្ធបានឲ្យដឹងថា វគ្គនេះឧទ្ទេសនាមដោយរូបលោកផ្ទាល់ និង លោកសោ សុផេង ។ មូលហេតុដែលសហព័ន្ធ សម្រេចជ្រើសរើយយកខេត្តកំពង់ឆ្នាំង ដើម្បីបើកវគ្គបែបនេះ ដោយសារតែខេត្តមួយនេះមានទីតាំង អំណោយផលល្អ ព្រមទាំងមានឧបករណ៍សម្រាប់ការអនុវត្តន៍ ។ គ្រប់វគ្គសិក្សាទាំងអស់ ការសិក្សាទ្រឹស្ដី ឬផ្សារភ្ជាប់ជាមួយនឹងការអនុវត្តន៍ ។

សូមបញ្ជាក់ថា នេះជាវគ្គទី២ ហើយបានបើកនូវខេត្តកំពង់ឆ្នាំង ហើយតាមពិតសហព័ន្ធ មានបំណងបើកវគ្គឲ្យ បានគ្រប់ខេត្ត ទាំងអស់ដែលមានក្លិបកីឡា កាយសម្ព័ន្ធ តែដោយខេត្តភាគច្រើន នៅតាមបណ្ដាស្រុក ហើយប្រសិនបើទៅបើកវគ្គនៅទីនោះសិក្ខាកាម នឹងមិនមានកន្លែងសម្រាកក្នុងអំឡុង ដែលវគ្គកំពុងតែដំណើរការនោះ ។

លោកអគ្គលេខាធិការអះអាងថា ពេលនេះជាតំណាក់កាល ដែលត្រូវពង្រឹងក្លិបហេតុនេះ សហព័ន្ធត្រូវតែបណ្ដុះបណ្ដាល ដល់គ្រូបច្ចេកទេស ទាំងកម្រិត១ និងកម្រិត២ ឲ្យបានទូទាំងប្រទេស ។ កីឡាកាយសម្ព័ន្ធមាន២ប្រភេទ គឺកីឡាកាយសម្ព័ន្ធ អាអេរ៉ូប៊ិក (Aerobic) និង កីឡាកាយសម្ព័ន្ធ អាកទីស្ទីក(Artistic) ។ លោកអគ្គលេខាធិការសហព័ន្ធរូបនេះបានអរគុណដល់ក្រសួងអប់រំយុវជន និង កីឡា ដែលតែងតែគាំទ្រថវិកាដល់សហព័ន្ធ របស់ ដើម្បីដំណើរការវគ្គនានា រៀងរាល់ឆ្នាំ ៕ដោយ៖លី ភីលីព

Most Popular

To Top