បរទេស ៖ ទីបញ្ជាការកណ្ដាល របស់សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានធ្វើការប្រកាសឲ្យដឹង នៅថ្ងៃចន្ទសប្ដាហ៍នេះថា ក្រុមយន្តហោះចម្បាំង F-16 របស់កងទ័ពជើងអាកាស សហរដ្ឋអាមេរិក បានធ្វើដំណើរចាកចេញ ពីប្រទេសអាល្លឺម៉ង់ ទៅកាន់សហភាពអារ៉ាប់រួមហើយ ។
តាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា ទីបញ្ជាការកណ្ដាល អាមេរិកនោះ បាននិយាយប្រាប់ថា យន្តហោះរបស់កងយន្តហោះចម្បាំង លេខ៤៨០ និងកងយន្តហោះចម្បាំងលេខ៥២ ដែលដាក់ពង្រាយនៅមូលដ្ឋាន ទ័ពអាកាស Spangdahlem នោះ គឺបានធ្វើដំណើរទៅដល់មូលដ្ឋានទ័ពអាកាស Al Dhafra សហភាពអារ៉ាប់រួម កាលពីសប្ដាហ៍មុន ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ មេបញ្ជាការកងទ័ពអាកាសលេខ៩ គឺលោកឧត្តមសេនីយ៍ Greg Guillot បាននិយាយថា “ការបញ្ជូនទៅនូវកងយន្តហោះចម្បាំង លេខ៤៨០នេះ បានបង្ហាញឲ្យឃើញនូវភាព រហ័សរហួន របស់កងទ័ពអាកាស អាមេរិក និងការប្តេជ្ញារបស់ទីបញ្ជាការកណ្ដាល សហរដ្ឋអាមេរិក ចំពោះសម្ពន្ធមិត្ត និងដៃគូនានា ដើម្បីជំរុញបង្កើនសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់”៕
ប្រែសម្រួល៖ប៉ាង កុង