វ៉ាស៊ីនតោន៖ ទូរទស្សន៍ស៊ីអិនអិន បានចុះផ្សាយនៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានឈានដល់កៀក នឹងកិច្ចព្រមព្រៀងចែករំលែកចំណាយ ការពារជាតិថ្មីមួយសម្រាប់ កងទ័ពអាមេរិកនៅទីនោះ ខណៈដែលប្រទេសទាំងពីរ កំបុងស្វែងរកការពង្រឹងសម្ព័ន្ធភាព និងជំហរការពារជាតិរួមគ្នា។
ទូរទស្សន៍ស៊ីអិនអិនបានឲ្យដឹង ដោយដកស្រង់ប្រភពចំនួន ៥ ដែលដឹងអំពីបញ្ហានេះថា“ ភាគីទាំងពីរអាច“ នៅសល់តែប៉ុន្មានសប្តាហ៍ទៀត” ពីការចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយនេះ។
ទាំងនេះអាចនិយាយបានថា អាមេរិក កំពុងទទួលជោគជ័យជាបន្ដបន្ទាប់ នូវគោនយោបាយការបរទេសរបស់ខ្លួន ក្នុងការជំរុញឲ្យសម្ព័ន្ធមិត្ដរបស់ខ្លួន ចូលរួមចែករំលែកការចំណាយ សម្រាប់ការឈរជើងកងទ័ពអាមេរិក នៅក្នុងប្រទេសរបស់ពួកគេ ហើយថ្មីៗ ប្រទេសជប៉ុន ក៏បានឈានដល់កិច្ចព្រមព្រៀងដូចគ្នានេះដែរ។
ទំព័រព័ត៌មានរបស់សហរដ្ឋអាមេរិក បានរាយការណ៍ថា កិច្ចព្រមព្រៀងនេះទំនងជា “កិច្ចព្រមព្រៀងពហុឆ្នាំ ដែលបង្កើនការចូលរួមចំណែក របស់ទីក្រុងសេអ៊ូល ដើម្បីគ្របដណ្តប់វត្តមានរបស់កងទ័ពអាមេរិក នៅជុំវិញការបន្ថែម ១៣ ភាគរយ ដែលកូរ៉េខាងត្បូងបានស្នើឡើងនៅឆ្នាំ ២០២០” ។
ប្រភពបានបន្ថែមទៀតថា កិច្ចព្រមព្រៀងចុងក្រោយអាចរួមបញ្ចូលទាំង“ ការតម្លើងអាណត្តិនៅក្នុងថវិកាការពារប្រទេសកូរ៉េខាងត្បូង” និងទីក្រុងសេអ៊ូល ធ្វើការទិញសម្ភារៈយោធាមួយចំនួនទៀត។
ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៩ កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចូលរួមក្នុងកិច្ចចរចាដ៏រអាក់រអួល ដើម្បីឈានដល់កិច្ចព្រមព្រៀង ចែករំលែកតម្លៃការពារ ដែលហៅថា កិច្ចព្រមព្រៀងវិធានការពិសេស (SMA) សម្រាប់ឈរជើងកងទ័ពសហរដ្ឋអាមេរិក ដែលមានកងកម្លាំងចំនួន ២៨,៥០០ នាក់។
ការចរចាចុងក្រោយរបស់ទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បានធ្វើឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ដែលជាកិច្ចប្រជុំលើកដំបូងចាប់តាំងពី ការចាប់ផ្តើមរដ្ឋបាលរបស់លោកចូ បៃដិន នៅថ្ងៃទី២០ ខែមករា។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំចុងក្រោយ ដែលបានអំពាវនាវឱ្យទីក្រុងសេអ៊ូល បង់ប្រាក់ប្រហែល ៨៧០ លានដុល្លារអាមេរិកបានផុតកំណត់ រួចហើយនៅចុងឆ្នាំ២០១៩ ៕
ដោយ ឈូក បូរ៉ា