គែរ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ថា យោធារបស់ប្រទេសអេហ្ស៊ីប បានលើកឡើងឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា កងទ័ពជើងទឹករបស់ប្រទេសអេហ្ស៊ីប និងអេស្ប៉ាញ បានរួមគ្នាធ្វើលំហាត់សមយុទ្ធយោធាដែនទឹក នៅដែនសមុទ្រក្រហម ។
សមយុទ្ធរួមគ្នា គឺជាលើកទី២នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយមកនេះ បន្ទាប់ពីយោធាជើងទឹកនៃប្រទេសទាំងពីរ បានធ្វើលំហាត់សមយុទ្ធរួមគ្នា កាលពីថ្ងៃទី១៤ ខែកុម្ភៈ នៅដែនសមុទ្រក្រហម ។
នៅក្នុងសេចក្តីថ្លែងការណ៍បានដាក់ថា ការហ្វឹកហ្វឹនមានសកម្មភាពផ្សេងៗគ្នាច្រើន ក្នុងនោះរាប់ទាំង ការអនុវត្តន៍ទៅលើ ការរៀបចំក្បួនបណ្តែតទូកលើផ្ទៃទឹក នាវាសម្រាប់ជួយសង្គ្រោះ ការដឹកជញ្ជូនពេលយប់ ការចុះចតរបស់ឧទ្ធម្ភាចក្រនៅលើនាវា និងមានសកម្មភាពជាច្រើនទៀត ។
យោធារបស់ប្រទេសអេហ្ស៊ីប បានបង្ហាញអំពីសារសំខាន់នៃការធ្វើសមយុទ្ធរួមគ្នា “ដែលជាទំនាក់ទំនងទ្វេភាគីរបស់ប្រទេសអេហ្ស៊ីប និងអេស្ប៉ាញ និងធ្វើឲ្យប្រសើរឡើងនៃកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ ដែលចែករំលែកប្រសិទ្ធិភាពនៃការថែទាំសន្តិសុខជើងទឹក និងស្ថិរភាពនៅក្នុងតំបន់” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា