បរទេស ៖ ប្រធានឧស្សាហកម្ម ការពារជាតិតួកគី នៅថ្ងៃពុធនេះ បាននិយាយប្រាប់ថា ប្រទេសតួកគី មិនមានគោលបំណងវិល ត្រឡប់ទៅរកកម្មវិធី យន្តហោះចម្បាំង សហរដ្ឋអាមេរិក F-35 ដែលខ្លួនត្រូវបានដកចេញ ជុំវិញការទិញប្រព័ន្ធការពារ ពីប្រទេសរុស្ស៊ីនោះទេ ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Us News នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍ថា គោលដៅចម្បង គឺឲ្យប្រទេសតួកគី ទទួលបានសំណង សម្រាប់ការខាតបង់របស់ខ្លួនវិញ ។
ទីក្រុងអង់ការ៉ា តាមសេចក្តីរាយការណ៍ បានបញ្ជាទិញយន្តហោះចម្បាំង F-35 ជាង១០០គ្រឿង និងធ្វើការផលិតគ្រឿងផ្គុំរបស់យន្តហោះនោះ ប៉ុន្តែត្រូវបានដកចេញ ពីកម្មវិធីនៅក្នុងឆ្នាំ២០១៩ ក្រោយបញ្ជាទិញប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី ដែលទីក្រុងវ៉ាស៊ីនតោននិយាយថា គម្រាមកំហែងដល់ យន្តហោះចម្បាំង F-35 ។
ប្រធាននាយកដ្ឋានឧស្សាហកម្ម ការពារជាតិតួកគី លោក Ismail Demir បាននិយាយប្រាប់ទូរទស្សន៍ NTV ថា មានការបាត់បង់សិទ្ធិច្បាស់ៗ និងថា កុងត្រារយៈពេល៦ខែ របស់ទីក្រុងអង់ការ៉ា ជាមួយក្រុមហ៊ុន Arnold & Porter គឺមានគោលបំណង បញ្ជាក់ពីវិធានការអនាគត ដើម្បីបញ្ចៀសការ ខាតបង់ទាំងនេះ ៕
ប្រែសម្រួល៖ប៉ាង កុង