ប៉េកាំង ៖ រដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី បានលើកឡើងថា ច្បាប់ថ្មីដ៏ចម្រូងចម្រាស របស់ប្រទេសនេះ អនុញ្ញាតឱ្យឆ្មាំឆ្នេរសមុទ្រ របស់ខ្លួនប្រើប្រាស់អាវុធក្នុងដែនទឹក ដែលខ្លួនអះអាងថា “មិនផ្តោតលើប្រទេសជាក់លាក់ណាមួយនោះទេ ” ខណៈដែលសម្តែងក្តីសង្ឃឹម សម្រាប់ការរីកចម្រើន បន្ថែមទៀតនៅក្នុង ទំនាក់ទំនងជាមួយជប៉ុន។
នៅពេលដែលប្រទេសចិន អះអាងថា ប្រជុំកោះសេនកាគូ ដែលគ្រប់គ្រងដោយជប៉ុន នៅសមុទ្រចិនខាងកើត គឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ការព្រួយបារម្ភកំពុងតែកើនឡើង នៅក្នុងទីក្រុងតូក្យូថា ច្បាប់នេះនឹងផ្តោតលើនាវាជប៉ុន ដែលធ្វើដំណើរជុំវិញកោះតូចៗ ដែលគ្មានមនុស្សរស់ នៅហៅថាដាយយូ នៅប្រទេសចិន ។
នៅក្នុងសន្និសីទកាសែត នៅខាងក្រៅនៃសម័យប្រជុំប្រចាំឆ្នាំ នៃសភាប្រជាជនចិនឆ្នាំនេះ លោកវ៉ាង យី បានលើកឡើងថា ច្បាប់ចុងក្រោយគឺ “ស្របតាមច្បាប់ និងការអនុវត្តអន្តរជាតិ” ។
លោកវ៉ាង យី ដែលជាសមាជិកក្រុមប្រឹក្សារដ្ឋ បានលើកឡើងថា“ ប្រទេសចិន និងជប៉ុន តែងតែចូលរួមក្នុងការសន្ទនា និងការប្រាស្រ័យទាក់ទង ដើម្បីបង្កើនការយល់ដឹង និងកសាងទំនុកចិត្តគ្នាទៅវិញទៅមក”។
នៅពេលសួរអំពីថា តើប្រទេសអាស៊ានទាំងពីរអាចសហការគ្នា បានយ៉ាងដូចម្តេចលោកវ៉ាង យី បានលើកឡើងថា ប្រទេសចិន និងជប៉ុន មានហេតុផលដើម្បីគាំទ្រគ្នា ទៅវិញទៅមក សម្រាប់ភាពជោគជ័យនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងតូក្យូ ដែលត្រូវបានដាក់ចេញរយៈពេលមួយឆ្នាំ ដល់ខែកក្កដា និងព្រឹត្តិការណ៍កីឡា រដូវរងានៅទីក្រុងប៉េកាំង នៅខែកុម្ភៈ ឆ្នាំ២០២២ ។
លោកវ៉ាង បានបន្ដថា ព្រឹត្តិការណ៍កីឡា “នឹងក្លាយជាវេទិកា សម្រាប់មិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ និងផ្តល់នូវឱកាស ដើម្បីជំរុញការអភិវឌ្ឍនៃទំនាក់ទំនងចិន – ជប៉ុន” ។
ប៉ុន្តែរដ្ឋមន្រ្តីការបរទេស រូបនេះ បានរក្សាភាពស្ងប់ស្ងាត់អំពីថា តើទីក្រុងប៉េកាំង និងទីក្រុងតូក្យូ បានត្រៀមរៀបចំសម្រាប់ដំណើរ ទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង របស់ប្រធានាធិបតីចិនលោកស៊ី ជីនពីង ទៅកាន់ប្រទេសជប៉ុន ចាប់តាំងពីលោកបានក្លាយជាប្រធានាធិបតីនៅក្នុងឆ្នាំ២០១៣ ។
ការអនុវត្តន៍ច្បាប់ឆ្មាំឆ្នេរសមុទ្រ កាលពីខែកុម្ភៈបានធ្វើឱ្យមាន ការព្រួយបារម្ភ នៅទីក្រុងតូក្យូ ជុំវិញប្រជុំកោះដែលមានជម្លោះ ខណៈពេលដែលនាវាឆ្មាំសមុទ្រចិន បានចូលទៅក្នុងដែនទឹកក្បែរនោះម្តង ហើយម្តងទៀត។
កាលពីដើមខែនេះ មន្ត្រីរដ្ឋាភិបាលជប៉ុន បានលើកឡើងថា ក្រោមការបកស្រាយច្បាប់ ដែលមានស្រាប់ឆ្មាំឆ្នេរ សមុទ្ររបស់ប្រទេសនេះ អាចបាញ់លើនាវាផ្លូវការ របស់បរទេស ដើម្បីកំចាត់ភាពព្យាយាមរបស់ពួកគេ ប្រសិនបើពួកគេចុះចត ដោយបង្ខំនៅលើកោះតូចៗ៕
ដោយ ឈូក បូរ៉ា