Event

សែលកាត និងផលិតកម្មបារមី ភ្ជាប់ទំនាក់ទំនង គ្នាជាដៃគូ តាមរយៈការផលិត វីដេអូ បទចម្រៀង “Time to Rise” ដែលសម្តែង និងច្រៀងដោយ វណ្ណដា

ភ្នំពេញ៖ វណ្ណដា ដែលជាតារាចម្រៀងរ៉េប កំពុងពេញនិយម និងឈានមុខគេ នៅក្នុងប្រទេសកម្ពុជា ទើបតែបានបញ្ចេញ នូវស្នាដៃបទចម្រៀងថ្មី របស់ខ្លួនមួយបទទៀត ដែលមានចំណងជើងថា “Time To Rise” ដែលមានការសំដែងរួមគ្នា​ ជាមួយកវីចាប៉ីដងវែង ពូកែខាងសំនួនវោហារ គឺលោកតា គង់ ណៃ។

ការចាប់ដៃរួមគ្នានេះ គឺស្របពេលដែលក្រុមការងារ នៅក្នុងផលិតកម្មបារមី ក៏កំពុងបង្កើនទំនាក់ទំនង ជាដៃគូយ៉ាងជិតស្និទ្ធ ជាមួយនឹងក្រុមហ៊ុន ទូរស័ព្ទចល័ត សែលកាត។
សិល្បករវ័យក្មេងរូបនេះ កំពុងក្លាយខ្លួន ជាទូតសុឆន្ទៈដ៏ល្បីមួយរូប របស់ក្រុមហ៊ុនសែលកាត ពោលគឺរូបគាត់មានអ្នកគាំទ្រ រហូតដល់ជាង 3លាននាក់ នៅលើបណ្តាញសង្គម និងទទួលបានការចូលទស្សនា បទចម្រៀងទាំងអស់ របស់គាត់ សរុបជាង 250លានដង ក្នុងឆ្នាំ 2020 កន្លងទៅនេះ។

ស្នាដៃ បទចម្រៀងចុងក្រោយនេះ ត្រូវបានរៀបចំនិងបង្កើតឡើង ដោយចំណាយពេលវេលា អស់ជាច្រើនខែ ហើយនៅក្នុងនោះអត្ថន័យ របស់វាផងដែរនោះ ក៏មានបង្កប់នូវខ្លឹមសារ ដ៏មានសារៈសំខាន់ ដើម្បីផ្តល់ការលើកទឹកចិត្ត ក៏ដូចជាជួយបំផុសទឹកចិត្ត ដល់យុវជនខ្មែរ ដែលមានទេពកោសល្យទាំងអស់ នៅក្នុងប្រទេសកម្ពុជា។

វណ្ណដា បានចាប់ផ្តើមយុទ្ធនាការ #TimetoRise ភ្លាមៗ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ បន្ទាប់ពីរូបគាត់បានចុះកិច្ចសន្យា ជាមួយក្រុមហ៊ុនសែលកាត។ យុទ្ធនាការនេះ បានបង្ហាញឱ្យឃើញ នូវចលនាមួយ ដែលផ្តល់ជូន នូវភាពយុត្តិធម៌ និងលក្ខខណ្ឌនៃកិច្ចសន្យា ប្រកបដោយភាពទូលំទូលាយ ដល់សិល្បករខ្មែរ នៅពេលពួកគាត់ក្លាយខ្លួន ជាតំណាងឱ្យក្រុមហ៊ុន ខណៈអាជីពនេះ បាននិងកំពុងក្លាយជា មធ្យោបាយដ៏សំខាន់បំផុតមួយ សម្រាប់សិល្បករ មានទេពកោសល្យ ក្នុងការស្វែងរកប្រាក់ចំណូល ដើម្បីចិញ្ចឹមជីវិត។

ដើម្បីជាការឆ្លើយតប ក្រុមហ៊ុនសែលកាត បានធ្វើការផ្លាស់ប្តូរកិច្ចសន្យា ជូនដល់សិល្បករ មានទេពកោសល្យរបស់ខ្លួន ដោយដាក់បញ្ចូល នូវលក្ខខណ្ឌ ដែលកាន់តែល្អប្រសើរ ហើយក្នុងនោះ ថែមទាំងមានផ្តល់ជូន នូវលក្ខខណ្ឌពិសសេសៗ និងតម្លាភាពត្រឹមត្រូវ ក៏ដូចជាការទទួលបាន នូវសេវាមេធាវីភ្លាមៗ ដោយឥតគិតថ្លៃ ប្រសិនបើពួកគាត់ មានតម្រូវការផងដែរ។

កញ្ញា ម៉ម ឡូរ៉ា នាយកប្រតិបត្តិ ផលិតកម្មបារមី បានរៀបរាប់ពន្យល់ឱ្យដឹងថា កិច្ចសហការរបស់ពួកគាត់ ជាមួយនឹងក្រុមហ៊ុន សែលកាត បាននិងកំពុងបង្កើត នូវមូលដ្ឋានគ្រឹះមួយ សម្រាប់ជួយដល់យុវជនខ្មែរ ដែលមានទេពកោសល្យទាំងអស់ ឱ្យមានអនាគតល្អប្រសើរ ហើយទន្ទឹមនឹងនោះ កិច្ចសហការនេះ ក៏បានផ្តោតទៅលើការផ្តល់ វេទិការដល់សិល្បករខ្មែរ ដើម្បីកសាងជំនាញរបស់ខ្លួន ក៏ដូចជាពង្រីកកេរ្តិ៍ឈ្មោះ នៅតាមប្រទេស ក្នុងតំបន់ និងនៅជុំវិញពិភពលោក។

កញ្ញាបានថ្លែងថា៖ “យើងនៅមានគម្រោង ដ៏គួរឱ្យរំភើបរីករាយ ជាច្រើនទៀត ដែលកំពុងរៀបចំជូន សម្រាប់វណ្ណដា និងសិល្បករផ្សេងៗ ជាច្រើនរូបទៀត នៅក្នុងផលិតកម្មរបស់យើង”។

“ស្ថានភាពជម្ងឺកូវីដ បានជម្រុញឱ្យពួកយើង មានភាពច្នៃប្រឌិតកាន់តែខ្ពស់ ដែលជាលទ្ធផល យើងសម្រេចបាន នូវកិច្ចសហការដ៏អស្ចារ្យបំផុតមួយ ដែលអាចជួយលើកស្ទួយ វិស័យតន្ត្រីខ្មែរ ឱ្យកាន់តែប្រសើរឡើង ថែមមួយកម្រិតទៀត”។

ចម្រៀង និងវីដេអូបទចម្រៀង “Time To Rise” បានច្របាច់បញ្ចូលគ្នា នូវបទភ្លេងបែបបុរាណ ដែលជាស្នាដៃរបស់ព្រឹទ្ធាចារ្យ សិល្បករចាប៉ីដងវែង លោកតា គង់ ណៃ ជាមួយនឹង ស្តាយ៍ហ៊ីបហប បែបសម័យថ្មីរបស់ វណ្ណដា។

សិល្បករទាំងពីររូបនេះ សុទ្ធតែមានវត្តមាន ចូលរួមសម្តែង នៅក្នុងបទចម្រៀង ហើយការថតទៀតសោត គឺប្រព្រឹត្តិទៅនៅឯសារមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ ដោយក្នុងនោះ ក៏មាននូវវត្តមានរបស់ កញ្ញា Sophia Kao ដែលជាតារាសម្តែង ទើបរះថ្មីរបស់ផលិតកម្ម បារមីផងដែរ។ អ្វីដែលកាន់តែពិសេសទៀតនោះ វណ្ណដា និងកញ្ញា Sophia Kao បានសហការរួមគ្នាបង្កើត នូវបទចម្រៀងថ្មីមួយទៀត ដែលមានចំណងជើងថា “Time” ពោលគឺជាវីដេអូ បទចម្រៀង ដែលនាំមកជូនដូចគ្នា ដោយក្រុមហ៊ុនសែលកាត។

ទំនាក់ទំនងជាដៃគូពិសេសរបស់ក្រុមហ៊ុនទាំងពីរនេះ គឺមិនមែនមានត្រឹមតែការផ្តល់អាជ្ញាប័ណ្ណ និងការផ្សព្វផ្សាយយីហោ ឱ្យមានការទទួលស្គាល់ទូលំទូលាយប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងមានការរៀបចំបង្កើតនូវមាតិកាថ្មីៗ ដែលផលិតកម្មបារមី នឹងផ្តល់ជូនផ្តាច់មុខ ដល់ក្រុមហ៊ុនសែលកាត សម្រាប់ប្រើប្រាស់នៅក្នុងផលិតផល និងសេវាកម្មលើថ្នាលឌីជីថល ដ៏សម្បូរបែបរបស់ខ្លួន ក្នុងឆ្នាំ 2021នេះ។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ការភ្ជាប់ទំនាក់ទំនងជាដៃគូ ជាមួយផលិតកម្មបារមីនេះ គឺដើម្បីផ្តោតបន្ថែម ទៅលើការស្វែងរក នូវមធ្យោបាយថ្មីៗ ក្នុងការបង្កើតមាតិកាឌីជីថល សម្រាប់ពលរដ្ឋខ្មែរ តាមរយៈការភ្ជាប់ទំនាក់ទំនង ជាមួយសិល្បករ មានទេពកោសល្យ និងអ្នកគាំទ្រ ហើយវាក៏ជាសម្ព័ន្ធភាពមួយ ដែលជួយលើកស្ទួយ ដល់សិល្បករក្នុងស្រុកផងដែរ។

សែលកាត មានក្តីរំភើបរីករាយ និងពេញចិត្តជាខ្លាំង ជាមួយនឹងគុណភាព នៃមាតិកា ដែលនាំមកជូនសម្រាប់ទីផ្សារ នាពេលបច្ចុប្បន្ននេះ ហើយពួកយើងនឹងប្តេជ្ញា បន្តគាំទ្រដល់សិល្បករខ្មែរ ដើម្បីជួយពួកគាត់ ក្នុងការស្វែងរកនូវគោលដៅ របស់ខ្លួន រួមទាំងសហការជាមួយពួកគាត់ ឱ្យបានជិតស្និទ្ធ ដើម្បីសម្រេចឱ្យបាន នូវគោលដៅទាំងនេះ៕

Most Popular

To Top