បច្ចេកវិទ្យា

គាស់​រឿង​ចាស់ Jack Ma ធ្លាប់​ស្អប់ Bill Gates ដល់​ឆ្អឹងពេល​​បើក Alibaba ដំបូង

ស្ថាបនិក​ក្រុមហ៊ុន Microsoft លោក Bill Gates ត្រូវ​បាន​ស្គាល់​ជា​បុគ្គល​បច្ចេកវិទ្យា ​កំពូល​មួយ​រូប​ ដែល​សហគ្រិន​វ័យ​ក្មេង ​គ្រប់​គ្នា ​គួរ​តែ​យក​គំរូ​តាម។ ប៉ុន្តែ​ត្រលប់​ទៅ​កាល​ពី​ជិត ២ ទសវត្សរ៍​មុន​ សេដ្ឋី​សញ្ជាតិ​ អាមេរិក​រូប​នេះ ពុំ​មែន​ជា​វីរបុរស​ ដក់​ជាប់​ក្នុង​ចិត្ត​ របស់​លោក Jack Ma នោះ​ទេ។

បញ្ជាក់​ប្រាប់​ក្នុង​កិច្ច​ ប្រជុំ​កំពូល​មួយ​នៅ​ទីក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល លោក Ma បាន​បង្ហើប​ថា៖ “កាល​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​ស្អប់​លោក Bill Gates ព្រោះ​តែ​គិត​ថា​ក្រុមហ៊ុន Microsoft បាន​ក្តោបក្តាប់​ឱកាស​គ្រប់​បែប​យ៉ាង មិន​ថា​តែ IBM និង Oracle សុទ្ធ​សឹង​ឆ្មក់​យក​ឱកាស​ទាំង​អស់”។

ស្ថាបនិក​ក្រុមហ៊ុន Alibaba បាន​ចាប់​ផ្តើម​គេហទំព័រ​លក់​ទំនិញ Online របស់​ខ្លួន​នា​ឆ្នាំ ១៩៩៩ ដោយ​ជឿជាក់​ថា ​ខ្លួន​ត្រូវ​ទាមទារ​ ឲ្យ​មាន​ការ​ចំណាយ​ច្រើន​ពី​សំណាក់​ក្រុមហ៊ុន​ធំៗ ពោល​ជា​បញ្ហា​ដ៏​លំបាក​​ដោះស្រាយ​មួយ​ សម្រាប់​អាជីវកម្ម​ខ្នាត​តូច​ ទើប​បង្កើត​ដំបូង ដែល​ចាំ​បាច់​ត្រូវ​ត​ភ្ជាប់ ​ជាមួយ​បច្ចេកវិទ្យា។ ប៉ុន្តែ​ក្រោយ​មក ​លោក​បាន​ផ្លាស់ប្តូរ​គំនិត​នេះ ដោយ​ថា​វា​ពុំ​មែន​ជា​កំហុស​ របស់ Gates ឬ​បុគ្គល​ល្បី​ឈ្មោះ​ណា​មួយ​ឡើយ ពោល​ គឺ​លោក​ផ្ទាល់​ជា​អ្នក​បិទ​​ឱកាស​របស់​ខ្លួន​ឯង ។

លោក Ma កត់​សម្គាល់​ឃើញ​ថា៖ “មនុស្ស​ជា​ច្រើន​នៅ​តែ​បន្ត​ត្អូញត្អែរ ប៉ុន្តែ​ប្រសិន​អ្នក​អាច​ដោះស្រាយ​បញ្ហា​បាន នោះ​ហើយ​ជា​ឱកាស​ ដ៏​ពិត​ប្រាកដ ខណៈ​ថ្លៃ​ចំណាយ​លើ​ប្រព័ន្ធ IT មាន​ទំហំ​ធំ​សម្រាប់​យើង បែប​នេះ​យើង​ត្រូវ​ចេះ​មាន​គំនិត ​ច្នៃ​ប្រឌិត ដោយ​ធ្វើ​ការ​បង្កើត​បច្ចេកវិទ្យា​ សម​ល្មម​ប្រើប្រាស់​មួយ​ដោយ​ខ្លួន​ឯង”។

​មក​ទល់​បច្ចុប្បន្ន​អ្នក​ទាំង ​ពីរ​មាន​តែ​ការ​បង្កើត​ទំនាក់ទំនង​ជិតស្និទ្ធ​រួម​គ្នា ជា​ញឹកញយ​សេដ្ឋី​ក្នុង​ប្រទេស​ចិន ​រូប​នេះក៏​បាន​ទៅ​ចូលរួម​ការ​បំផុស​គំនិត​ក្នុង​កម្មវិធី​សប្បុរសធម៌ Bill & Melinda Gates Foundation ផង​ដែរ៕

Most Popular

To Top