ព័ត៌មានអន្តរជាតិ

ការសិក្សា​ ឯកទេសព្រមាន ៖ ភាពឯកាបង្កើន ហានិភ័យ នៃជំងឺមហារីក ចំពោះបុរសវ័យ កណ្តាលដូចជាការ ជក់បារី ឬលើសទម្ងន់ ខណៈនៅលីវ ក៏មានហានិភ័យ ខ្ពស់ដែរ

ហ្វាំងឡង់ ៖ ការស្រាវជ្រាវថ្មីមួយ បានបង្ហាញថា បុរស ឯកកោ ដែលស្ថិតនៅវ័យកណ្តាល មានហានិភ័យខ្ពស់ក្នុងការវិវត្ត ទៅជាជំងឺមហារីកជាងអ្នក ដែលមានទំនាក់ទំនង និងមនុស្សជុំវិញខ្លួន នេះបើយោង តាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ក្រុមមួយមកពីសាកលវិទ្យាល័យ Eastern Finland បានធ្វើការជាមួយបុរស វ័យកណ្តាលចំនួន ២,៥៧០ នាក់ដោយតាមដានសុខភាព និងមរណភាព របស់ពួកគេចាប់ពីទសវត្សឆ្នាំ ១៩៨០ រហូតមកដល់បច្ចុប្បន្ន ។ ក្នុងរយៈពេល នៃការស្រាវជ្រាវ ២៥ភាគរយនៃអ្នកចូលរួមបានវិវត្តទៅជាជំងឺមហារីកដោយ ១១ភាគរយ នៃបុរសជនជាតិហ្វាំងឡង់ពាក់ព័ន្ធ នឹងការស្លាប់ដោយសារជំងឺនេះ ។

ក្រុមពន្យល់ថា មានទំនាក់ទំនងច្បាស់លាស់ រវាងភាពឯកកោ និងការកើនឡើង ហានិភ័យ នៃជំងឺមហារីក ដោយភាពឯកោបង្កើនហានិភ័យ នៃជំងឺមហារីកប្រហែល ១០ ភាគរយ ។ អ្នកស្រាវជ្រាវនិយាយថា ការគិតពីភាពឯកកោ និងទំនាក់ទំនងសង្គម គួរតែជាផ្នែកសំខាន់មួយនៃការថែទាំសុខភាព និងការការពារជំងឺដ៏ទូលំទូលាយ ។

នៅទូទាំងពិភពលោកជំងឺមហារីក គឺជាបុព្វហេតុឈានមុខគេទី ២ នៃការស្លាប់ ចំណែកភាពឯកោ ត្រូវបានគេណែនាំថា ជាកត្តាហានិភ័យនៃការស្លាប់ ដោយសារជំងឺមហារីក ទោះជាយ៉ាងណាក៏ដោយការផ្សារ ភ្ជាប់គ្នារវាងភាព ឯកកោសង្គម និងជំងឺមហារីក ត្រូវបានគេយល់តិចតួច ។
ការស្រាវជ្រាវថ្មីៗ បានបង្ហាញថា ភាពឯកាអាចជាគ្រោះថ្នាក់ដល់សុខភាព ដូចជាការជក់បារី ឬលើសទម្ងន់ ។ អ្នកស្រាវជ្រាវ លោក Siiri-Liisi Kraav មកពីសាកលវិទ្យាល័យ Eastern Finland និយាយថា ការរកឃើញរបស់យើងគាំទ្រគំនិតដែលថា គួរតែយកចិត្តទុកដាក់ ចំពោះបញ្ហានេះ ៕ ដោយ៖លី ភីលីព

Most Popular

To Top