ព័ត៌មានអន្តរជាតិ

កងទ័ពអាមេរិក១០នាក់​ នៅកូរ៉េខាងត្បូង រកឃើញមានផ្ទុកវីរុសកូរ៉ូណា

សេអ៊ូល ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ថា កងកម្លាំងសហរដ្ឋអាមេរិក-កូរ៉េ (USFK) បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ថា កងទ័ពសហរដ្ឋអាមេរិកចំនួន១០នាក់ នៅក្នុងទឹកដីកូរ៉េខាងត្បូង បានធ្វើតេស្តវិជ្ជមានកូវីដ-១៩។

កងទ័ព USFK បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមាជិកចំនួន១០នាក់ត្រូវបានបញ្ជាក់ថា មានកូវីដ-១៩ បន្ទាប់ពីបានមកដល់ ទឹកដីកូរ៉េខាងត្បូង ចន្លោះថ្ងៃទី២៦ ខែមេសា និងថ្ងៃទី១២ ខែឧសភា ។

សមាជិកសេវាកម្មចំនួន០៥នាក់ បានមកដល់មូលដ្ឋានទ័ពអាកាស Osan Air Base ដែលជាក្រុមហោះហើររបស់រដ្ឋាភិបាលអាមេរិកមកពីសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៦ ខែមេសា និងថ្ងៃទី០៥ ថ្ងៃទី១០ និងថ្ងៃទី១២ ខែឧសភា ។ មូលដ្ឋានទ័ពអាកាស Osan Air Base មានទីតាំងស្ថិតនៅក្រុង Pyeongtaek ចម្ងាយ៧០គីឡូម៉ែត្រស្ថិតនៅភាគខាងត្បូងក្រុងសេអ៊ូល ។

ក្រុមសមាជិកសេវាកម្មចំនួន០៥នាក់ បានមកដល់ព្រលានយន្តហោះអន្តរជាតិ Incheon International Airport ស្ថិតនៅប៉ែកខាងលិចក្រុងសេអ៊ូល ដែលជាព្រលានយន្តហោះអន្តរជាតិ ពាណិជ្ជកម្ម កាលពីថ្ងៃទី០៥ ទី០៧ និងទី០៨ ខែឧសភា ។

អ្នកជំងឺត្រូវបានបញ្ជាក់ថា បានបញ្ជូនទៅកាន់កន្លែងដាក់ឲ្យនៅដាច់ដោយឡែក នៅ U.S. Army Garrison Humphreys និងមូលដ្ឋានទ័ព Osan Air Base ទំាងពីរទីតាំងនេះស្ថិតនៅក្រុង Pyeongtaek និងមូលដ្ឋាន Kunsan Air Base នៅភាគនីរតីក្រុង Kunsan ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top