បរទេស ៖ ប្រទេសអ៊ីស្រាអែល នៅថ្ងៃព្រហស្បតិ៍នេះ បានត្រៀមរៀបចំដាក់ពង្រាយ កងទ័ពជើងគោក នៅតាមព្រំដែន តំបន់ហ្គាហ្សា ហើយពួកហាម៉ាស បានធ្វើការវាយប្រហារ ដោយគ្រាប់រ៉ុកកែតទៅលើប្រទេសអ៊ីស្រាអែល ស្របពេល ដែលមានការអំពាវនាវ អន្តរជាតិកើនឡើង ឲ្យបញ្ចប់ការប្រយុទ្ធគ្នានោះ។
ប៉ូលីសអ៊ីស្រាអែល បាននិយាយថា គ្រាប់រ៉ុកកែតមួយគ្រាប់ ដែលបាញ់ចេញពីបរិវេណ តំបន់ប៉ាឡេស្ទីន បានវាយប្រហារ ចំអគារមួយ នៅជិតរដ្ឋធានីអ៊ីស្រាអែល គឺទីក្រុងតេលអាវីវ ធ្វើឲ្យជនជាតិ អ៊ីស្រាអែល ៥នាក់រងរបួស ហើយសម្លេងសារ៉ែន បានបន្លឺឡើងក្នុងទីក្រុង នៅទូទាំងអ៊ីស្រាអែល ភាគខាងត្បូង ឲ្យមនុស្សរាប់ពាន់នាក់ រត់រកទីសុវត្ថិភាព ។
តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មានចេញផ្សាយនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេស អ៊ីស្រាអែល បានត្រៀមរៀបចំកងទ័ពប្រយុទ្ធ នៅតាមព្រំដែនតំបន់ហ្គាហ្សា និង កំពុងស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នា នៃការត្រៀមប្រតិបត្តិការ ។
គួរបញ្ជាក់ថា យ៉ាងហោចណាស់មានមនុស្សចំនួន៧២នាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងតំបន់ហ្គាហ្សា ចាប់តាំងពីការប្រយុទ្ធគ្នា ផ្ទុះខ្លាំងឡើងនៅថ្ងៃចន្ទ ហើយក្រុមគ្រូពេទ្យនិយាយថា មន្ទីរពេទ្យកាន់តែកក់ស្ទះបន្ថែមទៀត ស្របពេលដែលកំពុងស្ថិតក្រោមសម្ពាធ ពីការរាតត្បាតឆ្លង នៃជម្ងឺកូវីដ១៩។ យោធាបាននិយាយថានៅក្នុងប្រទេសអ៊ីស្រាអែល មានមនុស្ស៧នាក់ស្លាប់ ៕
ប្រែសម្រួល៖ប៉ាង កុង