បរទេស ៖ សមាជិករដ្ឋសភា មកពីគណបក្ស លទ្ធិប្រជាធិបតេយ្យ លោកស្រី Alexandria Ocasio-Cortez លោក Mark Pocan និង លោកស្រី Rashida Tlaib បានណែនាំចេញ នូវសេចក្តីព្រាងច្បាប់មួយ នាថ្ងៃពុធសប្ដាហ៍នេះ ដើម្បីបញ្ឈប់កិច្ច ព្រមព្រៀង លក់អាវុធឲ្យអ៊ីស្រាអែល ស្របពេល ដែលយន្តហោះចម្បាំងខ្លួន បន្តវាយប្រហារ ពួកហាម៉ាស់ នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ។
សមាជិករដ្ឋសភា អាមេរិកទាំង៣រូបនេះ តាមសេចក្តីរាយការណ៍ បានណែនាំចេញ សេចក្តីព្រាងច្បាប់នេះ ក្រោយប៉ុន្មានថ្ងៃ បន្ទាប់ពីកាសែត The Washington Post បានរាយការណ៍នៅថ្ងៃចន្ទថា រដ្ឋបាលលោក បៃដិន បានអនុម័តលក់អាវុធទំនើប មានទំហំទឹកប្រាក់ ៧៣៥លានដុល្លារ ឲ្យប្រទេសអ៊ីស្រាអែល ហើយរដ្ឋសភាត្រូវបាន ជូនដំណឹងអំពីសំណើ កិច្ចព្រមព្រៀងនោះ កាលពីថ្ងៃទី០៥ ខែឧសភា ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោកស្រី Ocasio-Cortez បានមានប្រសាសន៍ថា “អស់ពេលជាច្រើន ទសវត្សហើយ អាមេរិកបានលក់សព្វាវុធ មានទំហំទឹកប្រាក់រាប់ពាន់ លានដុល្លារ ឲ្យទៅប្រទេសអ៊ីស្រាអែល ដោយមិនធ្លាប់តម្រូវឲ្យពួកគេគោរព សិទ្ធិមូលដ្ឋាន របស់ប៉ាឡេស្ទីនទេ ហើយក្នុងការធ្វើដូច្នេះ យើងបានចូលរួមចំណែក ដោយត្រង់ ចំពោះការស្លាប់ ការរត់ចោលផ្ទះសម្បែង និងការបំភិតបំភ័យ មនុស្សរាប់លាននាក់ ។
ស្របពេលដែលមាន មនុស្សជាច្រើន រួមមានទាំង លោកប្រធានាធិបតី បៃដិន ផងនោះ គាំទ្រឲ្យមានបទ ឈប់បាញ់គ្នា យើងមិនគួរបញ្ជូនអាវុធ វាយប្រហារដោយផ្ទាល់ ទៅឲ្យលោកនាយករដ្ឋមន្ត្រី Netanyahu ដើម្បីអូសបន្លាយ អំពើហិង្សានោះទេ” ។
គួរបញ្ជាក់ថា យោងតាមក្រសួង សុខាភិបាលប៉ាឡេស្ទីន ជនជាតិប៉ាឡេស្ទិន តិចបំផុត២២៧នាក់ ក្នុងនោះមានកុមារ៦៤នាក់ផង ត្រូវបានសម្លាប់ ស្របពេលដែលមនុស្សជាង១.៦០០នាក់ បានរងរបួស ចំណែកក្រសួងការបរទេស អ៊ីស្រាអែល បានប្រកាសថា មានជនស៊ីវិល ពីរនាក់ បានស្លាប់កាលពីថ្ងៃពុធ ធ្វើឲ្យចំនួនអ្នកស្លាប់ ក្នុងប្រទេសអ៊ីស្រាអែលឡើង ដល់១២នាក់ ៕
ប្រែសម្រួល៖ប៉ាង កុង