ដូចពាក្យគេថា វាសនាមើលមិនឃើញនោះទេ ថ្ងៃមុនលិច ថ្ងៃនេះអាចរះក៏ថាបាន ដូចនេះកុំមើលស្រាលអ្វីមួយត្រឹមសម្បកក្រៅ។ មិនខុសនោះទេរថយន្ត Ferrari 340 មានអាយុ ៦៩ ឆ្នាំដែលអ្នកកំពុងឃើញនេះ មានតម្លៃដល់ទៅ ៦លានដុល្លារ។ កាលពីមុន មនុស្សមិនស្គាល់តម្លៃវាគេដាក់លក់ត្រឹម ២០០ដុល្លារថែមទាំងចាត់ចូលជាប្រភេទ ឡានអេតចាយ ឥតប្រយោជន៍មួយគ្រឿងតែប៉ុណ្ណោះ។
រថយន្ត Ferrari 340 កំពុងដាក់លក់ដោយ ក្រុមហ៊ុនដេញថ្លៃនិងប្រមូលទិញរថយន្តបុរាណឈានមុខគេ មានឈ្មោះថា Mecum Auctions នៅក្នុងព្រឹត្តិការណ៍ពិសេស Indianapolis នៅចុងសប្តាហ៍នេះ។
រថយន្តចំណាស់ Ferrari 340 នេះ មានប្រវត្តិមិនធម្មតានោះទេ ។ ពីដើមមកវាជារថយន្ត ប្រណាំងមួយគ្រឿង និងធ្លាប់ជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងកម្មវិធីប្រណាំងរថយន្តស្ព័រ ចំណាស់ជាងគេបំផុត របស់ពិភពលោក 24 Hours of Le Mans នៅក្នុង ឆ្នាំ១៩៥២។
ក្រោយមករថយន្តនេះ ត្រូវបានម្ចាស់ជាច្រើនប្ដូរដៃគ្នាកាន់ ជួបគ្រោះថ្នាក់ចរាចរណ៍ ផ្លាស់ប្ដូរតួខ្លួន ប្ដូរកញ្ចក់ ពិសេសគឺប្ដូរម៉ាស៊ីនរបស់វាតែម្ដង គឺដកម៉ាស៊ីន V12 ចេញ ដោយដាក់ម៉ាស៊ីន Chevy V8 ជំនួសវិញ។ អំឡុងពេលនោះភាពល្បីរបស់រថយន្តនេះ ក៏ចាប់ផ្ដើមលិចបាត់ ហៅលែងឮអស់ជាច្រើនទសវត្ស។
ប៉ុន្ដែមិនយូរនោះទេ នៅឆ្នាំ១៩៩០ ខណៈវាបានក្លាយជាឡានអេតចាយបាត់ទៅហើយ លោក Mike Sanfilippo ដែលជាអ្នកប្រណាំងឡាន Dragster (ការប្រណាំងឡាន វាស់ល្បឿន) បានទិញវាក្នុងតម្លៃ ២០០ដុល្លារ ពីការ៉ាស់ឡានមួយ។ ព្រោះតែមិនស្គាល់ពីប្រវត្តិរថយន្តនេះ ម៉្យាងមិនអាចយក វាទៅប្រណាំបាន ទើបលោកលក់វាវិញនៅលើ វ៉ិបសាយ eBay នៅឆ្នាំ២០០៦ ក្នុងតម្លៃ ២៦៩១២ដុល្លារ។
ពេលនោះ អ្នកជួលជុលជំនាញ លោក Tom Shaughnessy ក៏បានទិញរថយន្តនេះបន្ដ និងបានជួសជុលវាឱ្យដូចដើមអស់ពីលទ្ធភាព ទើបដោយធ្វើឱ្យរថយន្តនេះមានតម្លៃហក់ឡើងដល់ទៅ ៣ លានដុល្លារ។
ជាទីបញ្ចប់ ឡាន Ferrari 340 មួយគ្រឿងនោះ គេជួសជុល ឱ្យត្រលប់ទៅរកភាពដើមវិញ ដោយភ្នាក់ងារ Ferrari Classiche និងបានបំពាក់ម៉ាស៊ីនដើម V12 ៤,១លីត្រ មានចង្កិះ លេខដៃ៤វគ្គ ត្រលប់មកវិញ ។ ពេលនោះហើយដែលវាសនាឡានអេតចាយ ចាប់ផ្ដើមរះឡើងវិញ ដោយអ្នកជំនាញជឿជាក់ថា វាអាចលក់បានយ៉ាងងាយ ស្រួលក្នុងតម្លៃជាង ៦ លានដុល្លារ ៕